ម៉ានីល: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១ ខែមករានេះ បានឲ្យដឹងថា អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte កាលពីថ្ងៃម្សិលមិញ បានថ្លែងស្តីបន្ទោសចំៗ ទៅលើសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ចំពោះអ្វីដែលលោកបានហៅវាថា ជាការជ្រៀតជ្រែកដ៏ខ្លាំងក្លា នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីន។
អ្នកនាំពាក្យលោកSalvador Panelo បានចោទប្រកាន់ សមាជិកព្រឹទ្ធសភាអាមេរិក លោក Patrick Leahy និងលោក Richard Durbin ពីបទអំពាវនាវ ឱ្យមានការដោះលែង សមាជិកព្រឹទ្ធសភាហ្វីលីពីន ដែលជាប់ពន្ធនាគារលោក Leila de Lima ដែលជាអ្នករិះគន់ដ៏ខ្លាំងក្លាម្នាក់ ចំពោះលោក Duterte ហើយបុរសរូបនេះ បានជាប់ពន្ធនាគារ ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០១៧ មកម្ល៉េះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយលោក Panelo នោះបន្តទៀតថា ការអំពាវនាវ របស់មន្រ្តីការបរទេសទាំងនេះឲ្យ ដោះលែងបុគ្គលប្រឆាំងLeila de Lima ដែលបច្ចុប្បន្ន កំពុងប្រឈមមុខនឹងការចោទប្រកាន់ នៅចំពោះមុខតុលាការហ្វីលីពីនឯករាជ្យនោះ គឺជាសកម្មភាពជ្រៀតជ្រែកដ៏ក្លាហាន ក្នុងអធិបតេយ្យភាពរបស់យើង៕
ប្រែសម្រួល:ស៊ុនលី