តូក្យូ៖ បរិយាកាសសន្តិសុខ នៅអាស៊ីបូព៌ាក្នុងឆ្នាំ ២០២០ ត្រូវបានកំណត់ថា តើភាពតានតឹង រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងកើនឡើងដែរឬទេ ខណៈមេដឹកនាំលោក គីម ជុងអ៊ុន បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានខកខាននូវពេលវេលាកំណត់មួយ ដែលក្រុងព្យុងយ៉ាង បានកំណត់សម្រាប់កិច្ចចរចានុយក្លេអ៊ែរ។
ការព្រួយបារម្ភកំពុងកើនឡើងថា ទីក្រុងព្យុងយ៉ាង នឹងបន្តការសាកល្បងមីស៊ីលបាលី ស្ទិកនុយក្លេអ៊ែរ ឬមីស៊ីលអន្តរទ្វីប ដើម្បីបង្ខំឱ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដកទណ្ឌកម្មសេដ្ឋកិច្ច ខណៈដែលលោកចង់ទទួល បានសមិទ្ធិផលការទូត នៅមុនការប្រកួតប្រជែងតំណែង ប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ទោះយ៉ាងណា អ្នកសង្កេតការណ៍ខ្លះបានលើកឡើងថា លោកគីម ដែលមានគោលដៅចម្បងគឺដើម្បីធានាបាននូវការបន្ត នៃប្រព័ន្ធនយោបាយផ្តាច់មុខ ដែលដឹកនាំដោយលោក អាចនឹងចៀសវាងពីសកម្មភាពនានា ដែលអាចបង្កការគំរាមកំហែង ដោយផ្ទាល់ដល់ទីក្រុងវ៉ាស៊ីនតោន ដោយសារតែហានិភ័យ នៃជម្លោះយោធា នឹងកើនឡើង។
ប្រសិនបើសហរដ្ឋអាមេរិក មិនបង្ហាញសញ្ញា នៃការឈានដល់ការ សម្របសម្រួលទេនោះ លោកគីម ប្រហែលជាព្យាយាមពង្រឹង ទំនាក់ទំនងជាមួយចិន និងរុស្ស៊ី ដែលបានបង្ហាញឆន្ទៈចង់បន្ធូរបន្ថយទណ្ឌកម្ម ដែលបានធ្វើឱ្យសេដ្ឋកិច្ច កូរ៉េខាងជើងធ្លាក់ចុះ៕
ដោយ ឈូក បូរ៉ា