បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា នឹងគ្មានហេតុផលណាមួយ ដែលត្រូវប្រកាន់ខ្ជាប់តែម្នាក់ឯង ចំពោះការផ្អាក តេស្តនុយក្លេអ៊ែ និងមីស៊ីល ផ្លោងឆ្លងទ្វីបនោះទេហើយនិងបានព្រមានថា នឹងមានអាវុធ យុទ្ធសាស្ត្រថ្មី មកដល់ក្នុងពេលឆាប់ៗនេះ។
ក្នុងសុន្ទរកថារបស់លោក ធ្វើឡើងនៅចុងកិច្ចប្រជុំ៣ថ្ងៃរបស់ គណៈកម្មាធិការកណ្ដាល នៃបក្សពលករកូរ៉េ លោក គីម ជុងអ៊ុន បាននិយាយថា បើទោះជាមានចំណាត់ការដ៏សំខាន់បិទការតេស្ត សាកល្បងអាវុធ នុយក្លេអ៊ែ និងមីស៊ីលផ្លោងឆ្លងទ្វីប រយៈពេលពីរឆ្នាំក៏ដោយ ក៏សហរដ្ឋអាមេរិកបរាជ័យក្នុងការឆ្លើយតបវិញ។
លោកបានបន្ថែមទៀតថា ក្រៅពីនោះ សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្ម បន្ថែមទៀត ហើយលោកបានសង្កត់ធ្ងន់ថា ក្រោមស្ថានភាពបែបនោះ គ្មានមូលដ្ឋានណា ឲ្យយើងប្រកាន់ខ្ជាប់តែម្នាក់ឯង នូវការប្តេជ្ញា នោះទៀតនោះទេ៕
ប្រែសម្រួល៖ ប៉ាង កុង