ព័ត៌មានអន្តរជាតិ

យន្តហោះ ចារកម្ម អាមេរិក ហោះពីលើ ឧបទ្វីបកូរ៉េ មុនសុន្ទរកថា របស់លោក គីម ជុងអ៊ុន

បរទេស៖ នៅថ្ងៃអង្គារម្សិលមិញនេះ តាមសេចក្តីរាយការណ៍ យន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិក មួយគ្រឿង បានហោះហើរ ពីលើឧបទ្វីបកូរ៉េ មុនពេលមេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន ថ្លែងសុន្ទរកថាស្តីពីឆ្នាំថ្មី ដែលគេរំពឹងទុក។ 

ក្រុមតាមដានដែនអាកាស Aircraft Spot បានបោះពុម្ពផ្សាយអំពីទិន្នន័យ នៃការហោះហើរ របស់យន្តហោះចារកម្ម RC-135W នោះ ហើយយោងតាម ក្រុមតាមដាន ដែនអាកាស យន្តហោះស៊ើបការណ៍នោះ បានហោះហើរក្នុងរយៈកម្ពស់ ៣១.០០០ហ្វីត នៅជិតប្រទេសកូរ៉េខាងជើង។ 

គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក បានដាក់ប្រើប្រាស់យន្តហោះស៊ើបការណ៍សម្ងាត់ ជាច្រើនគ្រឿង ចាប់តាំងពីចុងខែវិច្ឆិកាមកម្ល៉េះ នៅពេលដែលកូរ៉េខាងជើង បានបាញ់តេស្តមីស៊ីល វាយប្រហារខ្លី នៅក្បែរព្រំដែន បំពានទៅនឹងការប្តេជ្ញា ជាមួយកូរ៉េខាងត្បូងធ្វើឡើងកាលពីឆ្នាំ២០១៨៕ 

ប្រែសម្រួល៖ប៉ាង កុង

To Top