បរទេស៖ អ្នកតវ៉ានៅក្នុងប្រទេសអ៊ីរ៉ាក់ បានធ្វើការឡោមព័ទ្ធស្ថានទូតសហរដ្ឋអាមេរិក នៅរដ្ឋធានី បាដាដ ប្រទេសអ៊ីរ៉ាក់ សម្រាប់ថ្ងៃទីពីរ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ដែលចេញផ្សាយនៅរាត្រីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
នៅក្នុងដំណើរប៉ុនប៉ងបំបែក អ្នកតវ៉ាចំនួនពីរបីរយនាក់ ដែលប្រមូលផ្តុំគ្នានៅខាងក្រៅបរិវេណ ស្ថានទូតអាមេរិកនោះ កងទ័ពអាមេរិក បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ហើយនៅចុងក្រោយ មេដឹកនាំការតវ៉ានោះ បានអំពាវនាវបិទបាតុកម្ម ហើយនៅពេលថ្ងៃរសៀលម្សិលមិញនេះ អ្នកតវ៉ាទាំងអស់ លើកលែងតែអ្នកតវ៉ា២០០ នាក់ ពួកគេបាននាំគ្នាចាកចេញ។
គួរបញ្ជាក់ថា ការតវ៉ានេះ បានចាប់ផ្តើមនៅថ្ងៃអង្គារ នៅពេលដែលមនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នា ធ្វើបាតុកម្មប្រឆាំងការវាយប្រហារតាមអាកាសរបស់អាមេរិក ទៅលើកងជីវពលរបស់ពួក Kata’ib Hezbollah ដែលជាក្រុមមួយក្នុងចំណោម កងជីវពលស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់៕
ប្រែសម្រួល៖ ប៉ាង កុង