បរទេស៖ មន្ត្រីនាំពាក្យ អង្គការសហប្រជាជាតិមួយរូប បាននិយាយនៅថ្ងៃពុធនេះថា អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres មានក្តីព្រួយបារម្ភជាខ្លាំង ដែលប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានលើកឡើងថា ខ្លួនអាចនឹងបន្តធ្វើតេស្តសាកល្បង អាវុធនុយក្លេអ៊ែនិងមីស៊ីល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Stephane Dujarric បាននិយាយថា
“លោកអគ្គលេខាធិការ មានក្តីសង្ឃឹមជាខ្លាំងថា ការធ្វើតេស្តនឹងមិនបន្តជាថ្មី ស្របទៅតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ ហើយការមិនរីកសាយអាវុធ នៅតែជាគ្រឹះដ៏សំខាន់ នៃសន្តិសុខនុយក្លេអ៊ែពិភពលោក ដែលត្រូវតែថែរក្សា”។
គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា គ្មានមូលដ្ឋានដែលឲ្យទីក្រុងព្យុងយ៉ាង ត្រូវប្រកាន់ខ្ជាប់ ចំពោះការផ្អាកដែលប្រកាសខ្លួនឯង ស្តីពីការតេស្ត សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប និងគ្រាប់បែកនុយក្លេអ៊ែនោះទេ ហើយថា អាវុធយុទ្ធសាស្ត្រថ្មី នឹងត្រូវបានណែនាំចេញ នៅក្នុងពេលអនាគត ខាងមុខឆាប់ៗនេះ៕ ប្រែសម្រួល៖ប៉ាង កុង