ព័ត៌មានអន្តរជាតិ

អនុរដ្ឋមន្រ្តីការបរទេសថ្មី របស់កូរ៉េខាងត្បូង​ ធ្វេីដំណេីរទៅអាមេរិក​ ដេីម្បីពិភាក្សាបញ្ហាទ្វេភាគី

សេអ៊ូល៖​ លោក​ Kim Gunn​ អនុរដ្ឋមន្រ្តីក្រសួងការបរទេសថ្មីរបស់កូរ៉េខាងត្បូង​ បានចេញដំណើរ ទៅសហរដ្ឋអាមេរិក​ នៅថ្ងៃព្រហស្បតិ៍​ សម្រាប់កិច្ចប្រជុំលើកដំបូង របស់លោកជាមួយសមភាគីសហរដ្ឋអាមេរិក​ ចាប់តាំងពីលោកឡើង កាន់តំណែងកាលពីខែមុន។

 លោក​ Kim Gunn ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាជាមួយលោក David Stilwell ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក​ សម្រាប់កិច្ចការអាស៊ីបូព៌ា​ និងប៉ាស៊ីហ្វិកនៅទីក្រុងវ៉ាស៊ីនតោន​ នៅថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) និងពិភាក្សាអំពីបញ្ហាផ្សេងៗគ្នា​ ដែលមានការយកចិត្តទុក ដាក់គ្នាទៅវិញទៅមក។

មន្ត្រីរូបនោះបានលេីកឡេីងថាលោក​ Kim Gunn ក៏អាចជួបជាមួយលោក Allison Hooker នាយកជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក​ ក៏ដូចជាអ្នកជំនាញមកពីក្រុមអ្នកជំនាញផ្សេងទៀត។ 

ទីក្រុងសេអ៊ូល​ និងវ៉ាស៊ីនតោន​ មានបញ្ហាទ្វេភាគីដែលមិនទាន់សម្រេចរួមទាំងការចរចា​ ដែលកំពុងបន្តលើការកំណត់ ចំណែករបស់ទីក្រុងសេអ៊ូលនៃការចំណាយ សម្រាប់ការឈរជើង កងទ័ពអាមេរិកនៅក្នុងប្រទេស៕

ដោយ​ ឈូក​ បូរ៉ា

To Top