ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអូស្ត្រាលី ប្រើកប៉ាល់ជម្លៀសមនុស្ស រាប់រយនាក់ ដែលជាប់ដោយភ្លើងឆេះព្រៃ ខណៈអ្នកស្លាប់កើនដល់ ១៩នាក់

បរទេស៖ កងទ័ពជើងទឹកអូស្ត្រាលី បានចាប់ផ្តើមជម្លៀសមនុស្សរាប់រយនាក់ ដែលជាប់នៅក្នុងទីក្រុង Mallacoota ដែលត្រូវបានបំផ្លាញដោយភ្លើងឆេះនៅឆ្នេរសមុទ្រ Victoria ហើយភ្លើងឆេះព្រៃដែលកើតឡើងតាំងពីខែកញ្ញាមក គឺបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៩ នាក់ នៅក្នុងរដ្ឋទាំងពីរ ក្នុងប្រទេស អូស្រ្តាលី។ 

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់សមាជិកសភាគឺលោក Darren Chester ថា កប៉ាល់ចំនួនពីរគ្រឿង គឺ HMAS Choules និង MV Sycamore នឹងដឹកមនុស្សប្រមាណ ១.០០០ នាក់។

លោក Chester បានហៅ វាថាជាការផ្លាស់ប្តូរទីតាំងដ៏ធំដែលមិនធ្លាប់មានពីមុនមក។ លោកបានបន្ថែមថា លក្ខខណ្ឌគឺ“ មានផ្សែងច្រើន ប៉ុន្តែវាមិនចោទជាបញ្ហានោះទេ” ។

អ្នកស្រុកអូស្រ្តាលី និងអ្នកទេសចរប្រមាណ ៤.០០០ នាក់ បានភៀសខ្លួនទៅកាន់ឆ្នេរកាលពីយប់ថ្ងៃច័ន្ទ នៅពេលភ្លើងឆេះព្រៃព័ទ្ធជុំវិញទីក្រុង។ ជាមួយគ្នានោះដែរ យោធាក៏បានជម្លៀស ប្រជាជនប្រមាណ ៦០ នាក់ តាមអាកាសកាលពីយប់មិញ។

មេបញ្ជាការ Scott Houlihan បាននិយាយថា កាលពីយប់ថ្ងៃព្រហស្បតិ៍ មនុស្សចំនួន ៩៦៣ នាក់ បានចុះឈ្មោះសម្រាប់ការជម្លៀសរបស់កងទ័ពជើងទឹកនៅថ្ងៃសុក្រ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្រុមជម្លៀសទាំងនេះនឹងធ្វើដំណើរទៅកាន់កំពង់ផែ Port Welshpool ដែលធ្វើដំណើររយៈពេល ១៦ម៉ោង ពីឆ្នេរ Victoria ។

ចាប់តាំងពីខែកញ្ញា ភ្លើងឆេះព្រៃនេះ គឺបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៩ នាក់ ហើយនៅក្នុងរដ្ឋទាំងពីរ របស់ប្រទេស អូស្រ្តាលី។ ចំណែកផ្ទះជាង ១.២០០ ខ្នងត្រូវបានបំផ្លាញ។ យ៉ាងហោចណាស់មនុស្ស ២៨ នាក់នៅតែបាត់ខ្លួនបន្ទាប់ពី មានអគ្គិភ័យតែមួយសប្តាហ៍នេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top