ព័ត៌មានអន្តរជាតិ

ជីវិតចំនួន ៤៨០លាន ជីវិត ត្រូវបាត់បង់ ដោយសារភ្លើងឆេះព្រៃ នៅអូស្រ្តាលី

បរទេស៖ ដោយសារភ្លើងឆេះព្រៃ នៅតែបន្តកើតមានយ៉ាងខ្លាំង នៅទូទាំងប្រទេសអូស្រ្តាលី ការបាត់បង់អាយុជីវិតក្នុងតំបន់ កំពុងឈានដល់ចំនួនដ៏ច្រើន។ អ្នកបរិស្ថានវិទ្យា នៅសាកលវិទ្យាល័យស៊ីដនី បានប៉ាន់ប្រមាណថា សត្វនិងរុក្ខជាតិ ជិតកន្លះពាន់លានជីវិត បានបាត់បង់ តាំងពីអគ្គិភ័យបានចាប់ផ្តើម ជាច្រើនខែកន្លងមក។

យោងតាមសារព័ត៌មាន CBS News ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹថា “អគ្គិភ័យដ៏ធំ” បានបំផ្លាញផ្ទះសម្បែងជាច្រើន និងបានបញ្ជូនមនុស្សរាប់ពាន់នាក់ ឱ្យភៀសខ្លួនទៅកាន់តំបន់ច្រាំងសមុទ្រពីរដ្ឋ New South Wales និងរដ្ឋ Victoria ។ ផ្ទៃដីប្រមាណ ១២.៣៥ លាន ហិចតា បានឆេះទូទាំងប្រទេស ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ហើយ យ៉ាងហោចណាស់ មានមនុស្សចំនួន ១៧ នាក់ បានស្លាប់។

សាកលវិទ្យាល័យបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថនិកសត្វ បក្សី និងសត្វល្មូន ប្រមាណ ៤៨០ លានក្បាល ត្រូវបានបាត់បង់ ចាប់តាំងពីអគ្គិភ័យបានឆេះកាន់តែខ្លាំងឡើង ក្នុងខែកញ្ញា ប៉ុន្តែចំនួនពិតប្រាកដ ទំនងជាខ្ពស់ជាងនេះ។ រូបភាពនិងវីដេអូ នៃការបំផ្លិចបំផ្លាញយ៉ាងខ្លាំងពីតំបន់នោះ គឺបានបង្ហាញពីសត្វកង់គូរ៉ូ ដែលព្យាយាមរត់គេចពីព្រៃ ដែលកំពុងឆេះ និងសាកសពរបស់សត្វ កូឡា ឬ ខ្លាឃ្មុំអូស្ដ្រាលី នៅលើដី៕

ប្រែសម្រួលៈ ណៃ តុលា

To Top