ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី បណ្តោះអាសន្នអ៊ីរ៉ាក់ ថ្កោលទោសអាមេរិក ហើយថា ការវាយប្រហារដោយមីស៊ីលនេះ ជាការឈ្លានពានប្រឆាំងអ៊ីរ៉ាក់

បរទេស៖ នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន របស់ប្រទេសអ៊ីរ៉ាក់ បានថ្កោលទោសអាមេរិក ចំពោះការធ្វើឃាតលើ មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ នៅជិតអាកាសយានដ្ឋានអន្តរជាតិក្រុង បាកដាដ និងបានហៅការសម្លាប់នេះថា ជាសកម្មភាពនៃការឈ្លានពាន ប្រឆាំងនឹងប្រទេសអ៊ីរ៉ាក់។ មេបញ្ជាការអ៊ីរ៉ង់ដែលស្លាប់នោះ គឺឧត្តមសេនីយ៍ឯក Qassem Soleimani ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក Qassem Soleimani ដែលជាមេបញ្ជាការនៃ ក្រុមកងកម្លាំងពិសេស Quds ត្រូវបានសម្លាប់ បន្ទាប់ពីក្បួនរថយន្តរបស់គាត់ត្រូវបាន វាយប្រហារដោយគ្រាប់មីស៊ីលអាមេរិក។ មេបញ្ជាការរងនៃកងកម្លាំងប្រជាប្រិយ (PMF) ដែលជាសមូហភាពរបស់កងជីវពលអ៊ីរ៉ាក់ ដែលគាំទ្រដោយអ៊ីរ៉ង់ ក៏ត្រូវបានសម្លាប់ផងដែរនៅក្នុង ការវាយប្រហារតាមអាកាសនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្តី បណ្តោះអាសន្នរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ លោក Adil Abdul Mahdi បាននិយាយថា ប្រតិបត្តិការធ្វើឃាត របស់សហរដ្ឋអាមេរិក គឺជា“ ការរំលោភជាក់ស្តែង លើអធិបតេយ្យភាពអ៊ីរ៉ាក់” និងជាការប្រមាថដល់សេចក្តីថ្លៃថ្នូរ របស់ប្រទេសរបស់លោក៕

ប្រែសម្រួលៈ ណៃ តុលា

To Top