ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ប្រាប់យូអិនថា ខ្លួនរក្សាសិទ្ធិការពារខ្លួន ជុំវិញការសម្លាប់លោក Soleimani

បរទេស៖ ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងអគ្គលេខាធិការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃសុក្រសប្ដាហ៍នេះថា ខ្លួនរក្សាសិទ្ធិការពារខ្លួនឯង ក្រោមច្បាប់អន្តរជាតិ ក្រោយសហរដ្ឋអាមេរិក សម្លាប់លោក Qassem Soleimani ជាមេបញ្ជាការជាន់ខ្ពស់ នៃកងកម្លាំងQuds Force របស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ លោក Majid Takht Ravanchi បានសរសេរក្នុងលិខិតមួយថា ការសម្លាប់លោក Soleimani ដោយវិធីណាមួយ គឺជាឧទាហរណ៍ដ៏ច្បាស់មួយ នៃអំពើភេរវកម្ម និងជាសកម្មភាពឧក្រិដ្ឋកម្ម និងបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិ ជាពិសេសដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ”។

គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា មេបញ្ជាការជាន់ខ្ពស់ នៃកងជីវពលអ៊ីរ៉ាក់ គឺលោក Abu Mahdi al-Muhandis ជាទីប្រឹក្សារបស់លោក Soleimani ក៏ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនោះផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top