បរទេស៖ ក្រសួងការបរទេស របស់ប្រទេសម៉ិកស៊ិក នៅថ្ងៃអាទិត្យម្សិលមិញនេះ បានជំរុញឲ្យប្រទេសវេណេស៊ុយអេឡា អនុញ្ញាតឲ្យធ្វើការបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំសភាជាតិតាមបែបលទ្ធិប្រជាធិបតេយ្យ ដោយអនុលោមទៅតាម រដ្ឋធម្មនុញ្ញដែលបានចែង។
រដ្ឋាភិបាលសង្គមនិយម នៃប្រទេសវេណេស៊ុយអេឡា បានតែងតាំងប្រធានថ្មីរបស់រដ្ឋសភា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រោយកងកម្លាំងប្រដាប់អាវុធ បានរារាំងសមាជិកសភា មកពីបក្សប្រឆាំង មិនឲ្យចូលទៅក្នុងរដ្ឋសភា ហើយនេះជាទង្វើមួយ ធ្វើឲ្យប្រទេសជាច្រើន ធ្វើការថ្កោលទោសរិះគន់ ថាជាការរំលោភលើលទ្ធិប្រជាធិបតេយ្យ។
ចំណែករដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅពេលថ្មីៗនេះ ក៏បានធ្វើការថ្កោលទោសចំពោះទង្វើគណបក្សកាន់អំណាច វេណេស៊ុយអេឡា ដែលតែងតាំងប្រមុខដឹកនាំថ្មីនៃរដ្ឋសភា ក្រោយពីកងកម្លាំងប្រដាប់អាវុធរារាំងសមាជិកសភាមកពីបក្សប្រឆាំង ដែលរួមមានទាំងមេដឹកនាំប្រឆាំង លោក Juan Guaido ផងដែរ មិនឲ្យចូលទៅក្នុងសភា៕
ប្រែសម្រួល៖ ប៉ាង កុង