ព័ត៌មានអន្តរជាតិ

ក្នុងពេលកំពុងតានតឹងជាមួយអ៊ីរ៉ង់ អាមេរិកដាក់ពង្រាយយន្តហោះ ទម្លាក់គ្រាប់បែក ៦គ្រឿង នៅទឹកដីអង់គ្លេស

បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះ ទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress ចំនួន ៦ គ្រឿង ទៅកាន់ទីក្រុង Diego Garcia ដែលជាមូលដ្ឋានកោះមួយ នៅមហាសមុទ្រឥណ្ឌា ក្នុងចម្ងាយពីប្រទេសអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីអាមេរិកម្នាក់បានប្រាប់ CNN នៅថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក)ថា មន្ទីរប៉ង់តាហ្គោន នឹងបញ្ជូនយន្តហោះ ទម្លាក់គ្រាប់បែកធុនធ្ងន់ ៦ គ្រឿង ទៅមូលដ្ឋាននៅលើទឹកដី Diego Garcia ដែលជាទឹកដីអង់គ្លេស សម្រាប់ការប្រើប្រាស់សក្តានុពល ប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើមានការបញ្ជា។

មូលដ្ឋាននេះស្ថិតនៅចម្ងាយ ២,៣០០ ម៉ាយល៍ ពីចំណុចខាងត្បូងបំផុតរបស់អ៊ីរ៉ង់ ប៉ុន្តែនៅចម្ងាយវាយប្រហារ សម្រាប់យន្តហោះបំផ្ទុះគ្រាប់បែក ដែលផ្តល់ការចាក់សាំង នៅកណ្តាលអាកាស។

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានត្រៀម វាយប្រហារលើគោលដៅចំនួន ៥២ នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំង ដែលមានសារសំខាន់ខាងវប្បធម៌ ប្រសិនបើអ៊ីរ៉ង់ ហ៊ានសងសឹកចំពោះការធ្វើឃាតរបស់អាមេរិក ទៅលើមេបញ្ជាការទ័ពពិសេស Quds Force គឺលោក Qassem Soleimani ។ ឧត្តមសេនីយ៍រូបនេះ ត្រូវបានសម្លាប់នៅអាកាស យានដ្ឋានបាកដាដ កាលពីថ្ងៃទី ៣ ខែមករានៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដោយមេដឹកនាំអាមេរិក បានអះអាងថា ជាការ “ការពារ” ហើយថា លោក Soleimani កំពុងរៀបចំផែនការ វាយប្រហារប្រឆាំងនឹងកងកម្លាំងអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា

To Top