ព័ត៌មានអន្តរជាតិ

បារាំងបង្កើនការប្រុងប្រយ័ត្ន ផ្នែកសន្ដិសុខ សម្រាប់កងកម្លាំងរបស់ខ្លួននៅអ៊ីរ៉ាក់

ប៉ារីស៖ កងកម្លាំងប្រដាប់អាវុធបារាំង បានឲ្យដឹងថា វិធានការនានាដើម្បីធានាសុវត្ថិភាព ដល់កងកម្លាំងបារាំង ដែលឈរជើងនៅអ៊ីរ៉ាក់ ត្រូវបានធ្វើឡើង បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់សហរដ្ឋអាមេរិក បានសម្លាប់លោក Qassem Soleimani មេបញ្ជាការ កងកំលាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់។

លោកស្រី Parly បានលើកឡើងថា“ ដោយព្រឹត្តិការណ៍នៅទីក្រុងបាកដាដ ប្រទេសបារាំងបានពង្រឹងសន្តិសុខ សម្រាប់ទាហានរបស់ខ្លួន ១៦០ នាក់ ដែលបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ីរ៉ាក់ អ្វីគ្រប់យ៉ាងត្រូវបានធ្វើ ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ” ។

លោកស្រីបានបន្ថែមថា“ បារាំងនឹងបន្តជាកម្លាំងរក្សាតុល្យភាពមួយ ហើយកងកម្លាំងយោធារបស់ខ្លួន នឹងចូលរួមចំណែកជាមួយនឹងជំហររឹងមាំ និងសមល្មម” ។

រដ្ឋមន្ត្រីបារាំងបានបញ្ជាក់ជាថ្មីថា អាទិភាពគឺការប្រយុទ្ធប្រឆាំង នឹងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ។ លោកស្រីបានបន្ថែមថា “នេះជាមូលហេតុ ដែលការបន្ធូរបន្ថយភាពតានតឹង នៅក្នុងប្រទេសអ៊ីរ៉ាក់ និងក្នុងតំបន់ គឺមានសារសំខាន់ណាស់”៕ ដោយ៖ ឈូក បូរ៉ា

To Top