បរទេស៖ កងកម្លាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ IRGC បានបញ្ជាក់នៅព្រឹកថ្ងៃពុធនេះ ទៅកាន់សារព័ត៌មាន Press TV ថា មូលដ្ឋានទ័ពអាកាស Ayn al-Asad ត្រូវបានវាយប្រហារ បន្ទាប់ពីមីស៊ីល រាប់សិបគ្រាប់ ត្រូវបានបាញ់សំដៅ ទៅលើទីតាំង ដែលមានកងកម្លាំងអាមេរិកឈរជើង។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា IRGC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលទទួលបានដោយកាសែត New York Times “យើងព្រមានដល់បណ្តា ប្រទេសសម្ព័ន្ធមិត្តទាំងអស់ របស់សហរដ្ឋអាមេរិកថា ប្រសិនបើការវាយប្រហារ ត្រូវបានបើកចេញពីមូលដ្ឋាន នៅក្នុងប្រទេសរបស់ពួកគេលើអ៊ីរ៉ង់ នោះពួកគេនឹងក្លាយជាគោលដៅ នៃការសងសឹករបស់យោធាវិញ” ។
IRGC បានព្រមានទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ប្រឆាំង នឹងការសងសឹក បន្ទាប់ពីមានការវាយប្រហារនៅថ្ងៃទី ៨ ខែមករា នៅអ៊ីរ៉ាក់។
អ្នកនាំពាក្យក្រសួងការពារជាតិ Jonathan Hoffman បានបញ្ជាក់ថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងរាប់សិបគ្រាប់ ទៅលើកងកម្លាំងអាមេរិក នៅអ៊ីរ៉ាក់។
នៅព្រឹកថ្ងៃពុធនេះ គ្រាប់មីស៊ីលប្រមាណ ៣៥ គ្រាប់ត្រូវបានបាញ់បង្ហោះដោយ កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) ដែលវាយប្រហារចំគោលដៅ របស់អាមេរិកនៅទីក្រុង Erbil, អ៊ីរ៉ាក់ និងមូលដ្ឋានទ័ពអាកាស Ayn al-Asad របស់ប្រទេសនេះ ដែលមានកម្លាំងយោធាអាមេរិកឈរជើង ។
ក្រោយមក គ្រាប់មីស៊ីលស៊េរីទី ២ ត្រូវបានបាញ់ឆ្ពោះទៅកាន់គោលដៅ របស់សហរដ្ឋអាមេរិក នៅអ៊ីរ៉ាក់នេះបើយោងតាមរបាយ ការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់៕
ប្រែសម្រួលៈ ណៃ តុលា