តេអេរ៉ង់៖ យន្តហោះរដ្ឋអ៊ុយក្រែនមួយគ្រឿង ដែលដឹកអ្នកដំណើរ យ៉ាងហោចណាស់ ១៨០ នាក់បានធ្លាក់ នៅថ្ងៃពុធនេះ ដោយសារតែបញ្ហា បច្ចេកទេស ភ្លាមៗបន្ទាប់ពីហោះ ចេញពីអាកាសយានដ្ឋាន Imam Khomeini របស់ក្រុងតេអេរ៉ង ហើយអ្នកដំណើរទាំងអស់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់នេះ។
យន្ដហោះប៊ូអ៊ីង ៧៣៧ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន អាកាសចរណ៍អន្ដរជាតិអ៊ុយក្រែន បានធ្លាក់នៅជិតព្រលានយន្តហោះ ហើយបានផ្ទុះឆេះ ។ មន្ត្រីក្រសួងការ បរទេសអ៊ុយក្រែន នៅក្រុងគៀវ បានឲ្យដឹងថា នាវិកនិងអ្នកដំណើរទាំងអស់ នៅលើយន្តហោះបានស្លាប់ ដោយបានដកស្រង់ព័ត៌មាន ពីក្រុមហ៊ុនអាកាសចរណ៍។
យោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ បានឲ្យដឹងថាយន្តហោះដឹកអ្នកដំណើរប៊ូអ៊ីង ៧៣៧ ដែលមានផ្ទុកអ្នកដំណើរ នៅលើយន្តហោះចំនួន ១៨០នាក់ បានធ្លាក់នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានហោះឡើងបានបន្ដិច ។
ទីភ្នាក់ងារសារព័ត៌មានហ្វារ៉ាក់របស់អ៊ីរ៉ង់ បានរាយការណ៍ថា យន្ដហោះអ៊ុយក្រែនបានធ្លាក់ ដោយសារបញ្ហាបច្ចេកទេស បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋានអ៊ីម៉ាមខូមេមី Imam Khomeini របស់ប្រទេសអ៊ីរ៉ង់ ៕
ដោយ ឈូក បូរ៉ា