បរទេស៖ នៅព្រឹកព្រលឹមនៃថ្ងៃពុធនេះ ប្រទេស អ៊ីរ៉ង់ បានធ្វើការវាយប្រហារមីស៊ីលចំនួន ២ ទៅលើគោលដៅរបស់អាមេរិក ដើម្បីឆ្លើយតបទៅនឹងការធ្វើឃាតទៅលើ មេបញ្ជាការយោធាកំពូលរបស់ខ្លួនគឺឧត្តមសេនីយ៍ Soleimani។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក Ali Khamenei បានហៅការវាយប្រហារ មីស៊ីលទាំងយប់ទៅលើមូលដ្ឋានអាកាសរបស់អាមេរិកថា ជាការទះកំផ្លៀងអាមេរិក ខណៈពេលដែលអត្ថាធិប្បាយ លើការឆ្លើយតបរបស់ សាធារណរដ្ឋអ៊ីស្លាម ឆ្លើយតបទៅនឹង ការសម្លាប់របស់អាមេរិក ទៅលើឧត្តមសេនីយ៍ Qasem Soleimani កាលពីចុងសប្តាហ៍មុន។
លោកបានលើកឡើងពីវត្តមាន របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់នេះយ៉ាងច្រើនថា ជា “ប្រភពនៃអំពើពុករលួយ” ដែលអះអាងថា កងកម្លាំងអាមេរិកគួរតែ ចាកចេញពីតំបន់មជ្ឈឹមបូព៌ា។
លោក Khamenei បានលើកយកជម្រើស ពិសេសនៃកិច្ចចរចានុយក្លេអ៊ែរឡើងវិញ ជាមួយ “សត្រូវ” របស់ពួកគេ គឺអាមេរិក ដោយថា គ្មានមធ្យោបាយណាដែល អាចធ្វើបានទេព្រោះវានឹងត្រួសត្រាយផ្លូវសម្រាប់ ឥទ្ធិពលរបស់អាមេរិក។ លោកបានសង្កត់ធ្ងន់ថា ក្នុងចំណោមសត្រូវឥតលាក់លៀម របស់សាធារណរដ្ឋគឺសហរដ្ឋអាមេរិក អ៊ីស្រាអែល និង“ ប្រព័ន្ធអួតអាង” ដែលជាឯកសារយោងជាក់ស្តែងមួយចំពោះ លោកខាងលិចជាទូទៅ៕
ប្រែសម្រួលៈ ណៃ តុលា