ព័ត៌មានអន្តរជាតិ

លោក ត្រាំថា អាមេរិក មានមីស៊ីលធំៗ និងបាញ់ចំគោលដៅ ប៉ុន្តែមិនប្រើប្រឆាំង នឹងអ៊ីរ៉ង់នោះទេ

បរទេស៖ មូលដ្ឋានយោធាអាមេរិក ចំនួនពីរនៅប្រទេសអ៊ីរ៉ាក់ ត្រូវបានវាយប្រហារ កាលពីព្រឹកថ្ងៃទី ៨ ខែមករា ជាមួយមីស៊ីលអ៊ីរ៉ង់ រាប់សិបគ្រាប់ ក្នុងសកម្មភាពសងសឹក សម្រាប់ប្រតិបត្តិការ របស់ទីក្រុងវ៉ាស៊ីនតោន ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qasem Soleimani កាលពីថ្ងៃទី ៣ ខែមករានៅទីក្រុងបាដាដ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសុន្ទរកថា របស់លោក ត្រាំ ទៅកាន់ប្រជាជាតិ លោកប្រធានាធិបតីអាមេរិកដូណាល់ត្រាំ បាននិយាយថា គ្មានបុគ្គលិកយោធា អាមេរិកណាម្នាក់ រងគ្រោះថ្នាក់នៅក្នុងការវាយប្រហារមីស៊ីល របស់អ៊ីរ៉ង់ទៅលើមូលដ្ឋាន របស់ខ្លួន នៅអ៊ីរ៉ាក់ទេ នៅថ្ងៃទី ៨ ខែមករា ខណៈដែលមូលដ្ឋានទាំងនោះ រងការខូចខាតតិចតួចបំផុត។ លោកបានកត់សម្គាល់ថា នេះបណ្តាលមកពីមានការប្រុងប្រយ័ត្នជាមុន។

ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានប្រកាសបន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចដ៏មានឥទ្ធិពលថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយសារការវាយប្រហារប្រឆាំងនឹងមូលដ្ឋានយោធាអាមេរិក។ លោកបានបន្ថែមថា ទណ្ឌកម្មនឹង នៅតែមានរហូតដល់អ៊ីរ៉ង់“ ផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន” នៅលើឆាកអន្តរជាតិ។ ប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថាលោកនឹងស្នើសុំឱ្យណាតូ“ ចូលរួមកាន់តែច្រើន” នៅក្នុងដំណើរការនៅមជ្ឈឹមបូព៌ា។

ខណៈពេលដែលលោក ត្រាំ មិនបានសន្យាជាក់លាក់ ចំពោះសកម្មភាពណាមួយប្រឆាំងនឹង ទីក្រុងតេអេរ៉ង់ក្រៅពីការដាក់ទណ្ឌកម្ម លើការវាយប្រហារមីស៊ីលកាលពីថ្ងៃទី ៨ ខែមករានោះលោកបានសង្កត់ធ្ងន់យ៉ាងខ្លាំង ទៅលើការធ្វើទំនើបកម្ម ដែលយោធាអាមេរិក បានឆ្លងកាត់ក្រោមការគ្រប់គ្រង របស់លោក ។ លោក បានអួតអាងថា កងកំលាំងប្រដាប់អាវុធអាមេរិក មានមីស៊ីលធំ និងបាញ់ចំគោលដៅ ប៉ុន្តែលោកសង្ឃឹមថា នឹងមិនប្រើវាប្រឆាំងនឹងអ៊ីរ៉ង់ទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top