វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិកំពូលៗ របស់ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានជួបពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធដើម្បីពិភាក្សា អំពីការវិវត្តថ្មីៗជាមួយប្រទេសកូរ៉េខាងជើង នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
លោកជុង អេយយ៉ុង នាយកការិយាល័យសន្តិសុខជាតិ កូរ៉េខាងត្បូង បានជួបជាមួយសមភាគីអាមេរិក និងជប៉ុន របស់លោកគឺលោករ៉ូបឺត អូប្រីន និងលោកហ្សីហ្គី គីមូរ៉ា នៅឯសេតវិមានចំពេលការគំរាមកំហែងរបស់ក្រុងព្យុងយ៉ាង ដើម្បីចាត់វិធានការគួរឱ្យភ្ញាក់ផ្អើល និងបង្ហាញ “ អាវុធយុទ្ធសាស្ត្រថ្មី” លើកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែរ ដែលជាប់គាំងជាមួយក្រុងវ៉ាស៊ីនតោន។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន មុនពេលចាកចេញពី ទីក្រុងសេអ៊ូល ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារនេះលោក ជុង បានលេីកឡេីងថា លោករំពឹងថា កិច្ចប្រជុំនេះនឹងផ្តោតលើស្ថានភាពថ្មីៗនេះនៅឧបទ្វីបកូរ៉េ និង “មធ្យោបាយដើម្បីនាំសន្តិភាពជាអចិន្ត្រៃយ៍ដល់ឧបទ្វីបកូរ៉េ តាមរយៈការចរចានុយក្លេអ៊ែរ” ៕
ដោយ ឈូក បូរ៉ា