សេអ៊ូល៖ កាសែតសំខាន់របស់កូរ៉េខាងជើង កាលពីថ្ងៃពុធនេះ បានរាយការណ៍ អំពីដំណោះស្រាយថ្មីមួយ ដែលត្រូវបានអនុម័តដោយសភាអ៊ីរ៉ាក់ ដើម្បីទាមទារឱ្យមានការចាកចេញ របស់កងទ័ពបរទេសនៅក្នុងប្រទេស ចំពេលមានភាពតានតឹង ផ្នែកយោធានៅមជ្ឈឹមបូព៌ា ដែលកំពុងកើនឡើង។
កាលពីថ្ងៃអាទិត្យសភាអ៊ីរ៉ាក់ បានបោះឆ្នោតគាំទ្រ សេចក្តីសម្រេចមួយ ដែលអំពាវនាវឱ្យបញ្ឈប់ វត្តមានយោធាបរទេស នៅក្នុងប្រទេសនេះ បន្ទាប់ពីការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ លោក Qassem Soleimani នៅទីក្រុងបាកដាត កាលពីថ្ងៃសុក្រ។
កាសត Rodong Sinmun បានចុះផ្សាយថា “ដូច្នោះរដ្ឋាភិបាលអ៊ីរ៉ាក់ នឹងចាប់ផ្តើមនីតិវិធី ដើម្បីចោទប្រកាន់សហរដ្ឋអាមេរិក ពីការរំលោភលើអធិបតេយ្យភាព និងសុវត្ថិភាពរបស់ខ្លួន និងដកកងទ័ពបរទេសនៅទីនោះ” ។
កាសែតនេះបានឲ្យដឹងទៀងថា ទាហានអាមេរិកប្រមាណ ៥.០០០ នាក់ កំពុងឈរជើងនៅក្នុងប្រទេសអ៊ីរ៉ាក់ ក្រោមការចង្អុលបង្ហាញ ពីបេសកកម្មប្រឆាំងភេរវកម្ម។
ប្រសិនបេីអាមេរិក ដកកងទ័ពចេញពីប្រទេស តាមការទាមទាររបស់សភាអ៊ីរ៉ាក់វិញនោះ ការរងគ្រោះនឹងធ្លាក់ទៅលើអ៊ីស្រាអែល ជាមួយនឹងវត្ដមានកងទ័ពអ៊ីរ៉ង់ និងអ៊ីរ៉ង់ ដែលនឹងកើតមានឡើង នូវសង្គ្រាមតាមព្រំដែនយ៉ាងក្ដៅគគុក៕ ដោយ៖ ឈូក បូរ៉ា