តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ថា ក្រុមអាជ្ញាធរស៊ីវិលអ៊ីរ៉ង់ បាននិយាយថា ខ្លួននឹងមិនផ្តល់ប្រអប់ខ្មៅចំនួន០២គ្រឿង ដែលបានរកឃើញ ពីយន្តហោះអ៊ុយក្រែន ដែលមានអ្នកស្លាប់នៅលើនោះ១៧៦នាក់ ដល់ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង ឬសហរដ្ឋអាមេរិក ឡើយ ប៉ុន្តែនឹងធ្វើសហប្រតិបត្តិការ ជាមួយអ៊ុយក្រែន ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានផ្សាយព័ត៌មានកាលពីថ្ងៃពុធថា ប្រអប់ខ្មៅចំនួន០២គ្រឿងដែល កត់ត្រាសំឡេង និងកំណត់ត្រាទិន្នន័យ ត្រូវបានរកឃើញ ។
គួររំលឹកថា យន្តហោះ Boeing 737 ដែលដឹកអ្នកដំណើរអ៊ុយក្រែន បានធ្លាក់នៅជិតព្រលានយន្តហោះអន្តរជាតិ Imam Khomeini ក្រុងតេហរ៉ង់ កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ ដោយបានសម្លាប់អ្នកដំណើរទាំងអស់ និងសហសេវឹកនៅលើយន្តហោះនោះ ។
លោក Ali Abedzadeh ប្រធានអង្គការចាត់តាំង អាកាសចរណ៍ស៊ីវិលរបស់អ៊ីរ៉ង់ ត្រូវបានទីភ្នាក់ងារព័ត៌មាន Mehr News Agency បានដកស្រង់សម្តីដែលបានថ្លែងថា វាមិនទាន់ច្បាស់លាស់នៅឡើយទេ សម្រាប់ប្រទេសដែលអ៊ីរ៉ង់ នឹងបញ្ជូនប្រអប់ខ្មៅទាំងនោះ សម្រាប់ធ្វើការវិភាគ ។ ដោយលោកបានបន្ថែមថា សម្រាប់ពលរដ្ឋអ៊ុយក្រែនវិញ សូមស្វាគមន៍ដើម្បីចូលរួមស៊ើបអង្កេត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា