ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន នឹងបន្ត ធ្វើដំណើរទស្សនកិច្ច ទៅតំបន់ មជ្ឈិមបូព៌ា

បរទេស៖នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ កំពុងតែរៀបចំធ្វើដំណើរទស្សនកិច្ច តាមការគ្រោងទុក ទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីត សហភាពអារ៉ាប់រួម និងអូម៉ង់ ចាប់ផ្តើមពីថ្ងៃចុងសប្ដាហ៍ខាងមុខនេះតទៅ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត NHK នៅថ្ងៃព្រហស្បតិ៍នេះ។

នៅក្នុងសប្ដាហ៍នេះ ប្រទេសជប៉ុនបាននិយាយ ប្រាប់ថា វានឹងប្រកាន់ខ្ជាប់គម្រោងបញ្ជូនកងកម្លាំងជប៉ុន ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីធានាសុវត្ថិភាពឲ្យកប៉ាល់របស់ខ្លួន បើទោះជាមានភាពតានតឹងកើនឡើងខ្ពស់ បន្ទាប់ពីសហរដ្ឋអាមេរិក សម្លាប់មេបញ្ជាការយោធាអ៊ីរ៉ង់មួយរូប ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក អាបេ ទើបត្រូវបានផ្អាក។

គួរបញ្ជាក់ថា លោក អាបេ ជាជាក់ស្តែងបានសម្រេចចិត្ត បន្តគម្រោងធ្វើទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ានេះ ស្របពេលដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញគោលជំហរបញ្ចៀស កំណើនប្រឈមមុខដាក់គ្នា ជាមួយប្រទេសអ៊ីរ៉ង់ និងស្របពេលដែលអ៊ីរ៉ង់បានលើកឡើង ពីគំនិតស្រដៀងគ្នានេះដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top