ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការបរទេស អាមេរិកថា អាមេរិកគ្មានព័ត៌មាន ថ្ងៃខែ និងទីកន្លែង អំពីផែនការវាយប្រហារ របស់ឧត្តមសេនីយ៍ Soleimani

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ មុននេះបានអះអាងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានសម្លាប់មេបញ្ជាការ យោធាកំពូលអ៊ីរ៉ង់ ដើម្បីបញ្ឈប់ផែនការ របស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដើម្បីបំផ្ទុះស្ថានទូតអាមេរិក នៅទីក្រុងបាកដាដ ប្រទេស អ៊ីរ៉ាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេស អាមេរិកលោក Mike Pompeo បាននិយាយនៅលើការចាក់ផ្សាយជាតិថា សហរដ្ឋអាមេរិកគ្មានព័ត៌មាន អំពីកាលបរិច្ឆេទនិងទីកន្លែង នៃការវាយប្រហារ ដែលបានគ្រោងទុក ដោយឧត្តមសេនីយ៍ Qasem Soleimani នោះទេ។

លោក Pompeo នៅតែទទូចថា លោក Soleimani នឹងធ្វើការវាយប្រហារ ដែលជិតមកដល់ហើយ។

លោក Pompeo បានប្រាប់ Fox News ថា «យើងមិនដឹងច្បាស់ទេនៅពេលណា ហើយយើងមិនដឹងច្បាស់នៅកន្លែងណាទេ ប៉ុន្តែវាពិតប្រាកដ … មានឱកាសពិតប្រាកដនៅទីនេះ ហើយមានភាពចាំបាច់នៅទីនេះ។ យើងបានធ្វើការសម្រេចចិត្តត្រឹមត្រូវ ។ លោកប្រធានាធិបតីបានធ្វើត្រឹមត្រូវ»។

សូមជម្រាបថា កាលពីថ្ងៃទី ៣ ខែមករា មេបញ្ជាការកងកំលាំងពិសេស របស់ IRGC គឺលោក Qasem Soleimani ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិ Baghdad ។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា លោក Qasem Soleimani មានផែនការវាយប្រហារ បុគ្គលិកអាមេរិកហើយថា តាមរយៈការលុបបំបាត់ គាត់ពីផែនដី គឺ “ជីវិតជាច្រើនត្រូវបានសង្គ្រោះ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top