បរទេស ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថា អង្គការសម្ពន្ធមិត្ត អាចនឹងរួមចំណែកកាន់តែច្រើនឡើង ចំពោះស្ថិរភាពក្នុងតំបន់នៅតំបន់មជ្ឈិមបូព៌ា និងជួយបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្មអន្តរជាតិ។
នៅក្នុងកិច្ចសន្ទនាគ្នា តាមទូរស័ព្ទ នាថ្ងៃពុធសប្ដាហ៍នេះ លោក ត្រាំ បានជំរុញលោកអគ្គលេខាធិការអង្គការណាតូ ឲ្យបង្កើនការចូលរួម របស់អង្គការសម្ពន្ធមិត្ត នៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយមេដឹកនាំទាំងពីរ បានយល់ស្របគ្នាថា នឹងស្ថិតនៅក្នុងការទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ស្តីពីបញ្ហានានា។
គួរបញ្ជាក់ថា កិច្ចសន្ទនាគ្នាតាមទូរស័ព្ទ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងអគ្គលេខាធិការអង្គការណាតូនេះ គឺត្រូវបានធ្វើឡើងត្រឹមតែក្រោយប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុងតេអេរ៉ង់ ធ្វើការវាយប្រហារដោយមីស៊ីលមួយ ទៅលើមូលដ្ឋានយោធា ដឹកនាំដោយអាមេរិក ក្នុងប្រទេសអ៊ីរ៉ាក់៕
ប្រែសម្រួល៖ប៉ាង កុង