គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានពិភាក្សាជុំករណីធ្លាក់ យន្តហោះប៊ូអ៊ីង Boeing-737 នៅជិតក្រុងតេហរ៉ង់ នៅក្នុងអំឡុងពេលមានការសន្ទនាទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីស៊ុយអ៊ែត Stefan Lofven និងអញ្ជើញក្រុមជំនាញការស្តុកខុម ដើម្បីចូលរួមស៊ើបអង្កេតចំពោះគ្រោះអកុសល ដែលបានបណ្តាលឲ្យស្លាប់ ជនជាតិស៊ុយអ៊ែតមួយចំនួន ។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ។
លោក Zelensky បានថ្លែងថា អ៊ុយក្រែន ត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមនៅក្នុងការស៊ើបអង្កេត ដោយផ្អែកលើច្បាប់អន្តរជាតិ ហើយក្រុមជំនាញការរបស់អ៊ុយក្រែន មកដល់អ៊ីរ៉ង់ កាលពីថ្ងៃម្សិលមិញ ហើយនឹងសិក្សាទីតាំង នៃការធ្លាក់យន្តហោះ ។
លោកបានថ្លែងថា “យើងកំពុងធ្វើឲ្យការខិតខំ ប្រឹងប្រែងចាំបាច់បំផុតដើម្បីស្វែងរក មូលហេតុនៃការធ្លាក់នេះ និងបានត្រៀមខ្លួនរួចរាល់ហើយចូលរួមសហការ យ៉ាងជិតស្និទ្ធជាមួយស៊ុយអ៊ែត ។ គោលដៅរបស់យើង ដើម្បីស្វែងរកភាពត្រឹមត្រូវ ។ នេះជារឿងដែលសំខាន់បំផុត” ។
គួររំលឹកថា យន្តហោះដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែនបានធ្លាក់ កាលពីថ្ងៃអង្គារ នៅជិតក្រុងតេហរ៉ង់ ប្រទេសអ៊ីរ៉ង់ បណ្តាឲ្យស្លាប់អ្នកដំណើរចំនួន ១៦៧នាក់ និងសហសេវឹកចំនួន៩នាក់ ៕