បរទេស៖ កងនាវាចរអាមេរិក បាននិយាយថា នាវាកងទ័ពជើងទឹករុស្ស៊ីមួយគ្រឿង បានចូលមកជិតនាវាពិឃាតរបស់ខ្លួន នៅក្នុងសមុទ្រអារ៉ាប់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលខ្លួន កំពុងធ្វើប្រតិបត្តិការធម្មតា។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា នាវា USS Farragut បានផ្តល់ការព្រមាន ៥ លើក ដោយប្រើស៊ីផ្លេ មុនពេលនាវាចម្បាំងរុស្ស៊ី ផ្លាស់ប្តូរទិសដៅ ជៀសវាងការប៉ះទង្គិចគ្នា។
ក្រសួងការពារជាតិរុស្ស៊ី បានបដិសេធរាល់ការធ្វើខុសណាមួយ ដោយបានបញ្ជាក់ថា គឺជាកងទ័ពជើងទឹកអាមេរិក ដែលបានរំលោភទាំងស្រុង លើច្បាប់អន្តរជាតិ។
សេចក្តីថ្លែងការណ៍របស់ក្រសួងរុស្ស៊ី បាននិយាយថា “ នាវិកនៃនាវាចម្បាំងរុស្ស៊ី បានធ្វើសកម្មភាពប្រកបដោយវិជ្ជាជីវៈ ដែលរារាំងការប៉ះទង្គិច ជាមួយនាវាឈ្លានពាន” ៕ ប្រែសម្រួលៈ ណៃ តុលា