ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ អាមេរិក៖ដាក់ពង្រាយទ័ព ដោយសារតែការគម្រាម កំហែងរបស់អ៊ីរ៉ង់ទៅលើ ស្ថានទូតនានា

បរទេស៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា លោកបានបញ្ជូនឲ្យបញ្ជូន កងទ័ពសហរដ្ឋអាមេរិក រាប់ពាន់នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ព្រោះតែលោកជឿជាក់ថា ប្រទេសអ៊ីរ៉ង់កំពុងតែរៀបផែនការវាយប្រហារលើស្ថានទូត នានារបស់អាមេរិក។

នៅក្នុងកម្មវិធី Face the Nation របស់សារព័ត៌មាន CBS News នៅថ្ងៃអាទិត្យ លោក បានមានប្រសាសន៍ថា លោកមានទស្សនៈដូចគ្នា នឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា មេបញ្ជាការយោធាអ៊ីរ៉ង់ លោក Qassem Soleimani ដែលបាតបង់ជីវិតក្នុងការវាយប្រហារតាម អាកាសអាមេរិក កំពុងតែរៀបផែនការវាយប្រហារស្ថានទូតអាមេរិក៤កន្លែង។

លោករដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំដឹងថា មានសមាជិកក្រុមសន្តិសុខជាតិ ផ្សេងទៀត មានទស្សនៈដូចគ្នានោះដែរ ហើយនោះជាមូលហេតុដែលខ្ញុំបញ្ជូន កងទ័ពអាមេរិករាប់ពាន់នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងការពារស្ថានទូតរបស់យើង នៅក្នុងទីក្រុងបាដាដ និងទីកន្លែងផ្សេងៗទៀត នៅទូទាំងតំបន់”៕ ប្រែសម្រួល៖ប៉ាង កុង

To Top