បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន លោក Robert O’Brien បានមានប្រសាសន៍ថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ទើបបានធ្វើការជំរុញកូរ៉េខាងជើង ឲ្យស្វះស្វែងបន្តធ្វើកិច្ចពិភាក្សាគ្នាជាថ្មីទៀត នេះបើយោងតាមបទសម្ភាសន៍មួយ ដែលចេញផ្សាយដោយកាសែត Axios នៅថ្ងៃអាទិត្យ។
លោក Robert O’Brien ក៏បានមានប្រសាសន៍ផងដែរថា វាជាសញ្ញាវិជ្ជមាន ដែលមេដឹកនាំកូរ៉េខាងជើង មិនចេញការព្រមានសម្រាប់ជាកាដូថ្ងៃបុណ្យណូអែល ប៉ុន្តែអ្នកវិភាគមួយចំនួនបាននិយាយថា នោះអាចជាសញ្ញាមួយ ដែលទីក្រុងព្យុងយ៉ាងកំពុងតែត្រៀមរៀបចំការ តេស្តសាកល្បងមីស៊ីល វាយប្រហារចម្ងាយឆ្ងាយ ស្របពេលដែល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីខែមុនថា កាដូអាចជាថូផ្កាដ៏ស្រស់ស្អាត។
ទីប្រឹក្សាសន្តិសុខសេតវិមាន បានបញ្ជាក់ប្រាប់គេហទំព័រព័ត៌មានដូច្នេះថា “យើងបានជំរុញកូរ៉េខាងជើង និងឲ្យពួកគេដឹងថា យើងចង់បន្តកិច្ចចរចាក្នុងទីក្រុងស្តុកខុល ដែលត្រូវបានធ្វើឡើងជាចុងក្រោយ ក្នុងដើមខែតុលា ហើយយើងនឹងឲ្យពួកគេបានដឹង តាមរយៈបណ្ដាញព័ត៌មានផ្សេងៗថា យើងចង់ឲ្យកិច្ចពិភាក្សា ទាំងនោះត្រឡប់បន្តឡើងវិញ”៕
ប្រែសម្រួល៖ ប៉ាង កុង