បរទេស ៖ ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការចោទប្រកាន់ប្រទេសអ៊ីរ៉ង់ ជាផ្លូវការ ពីបទបំពានលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងឆ្នាំ២០១៥ បញ្ឈប់កម្មវិធីនុយក្លេអ៊ែ ហើយនេះជាវិធានការមួយ ធ្វើឡើងដោយប្រទេស មហាអំណាចទាំង៣ ដែលឈានដល់ការឲ្យដាក់ជាថ្មី នូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលបានដកចេញក្រោមកិច្ចព្រមព្រៀងនោះ។
មហាអំណាចអឺរ៉ុបទាំងនោះ បាននិយាយថា ពួកគេកំពុងតែធ្វើសកម្មភាព ដើម្បីបញ្ចៀសវិបត្តិជុំវិញការរីកសាយភាយ នៃអាវុធនុយក្លេអ៊ែ បន្ថែមទៅលើការប្រឈម មុខដាក់គ្នាដែលកំពុង តែកើនកម្តៅខ្លាំងឡើង នៅក្នុងតំបន់មជ្ឈិមបូព៌ា ចំណែកប្រទេសរុស្ស៊ី ជាម្ចាស់ហត្ថលេខាមួយផ្សេងទៀត នៃកិច្ចព្រមព្រៀងនោះ បាននិយាយថា ខ្លួនមើលមិនឃើញ មានមូលដ្ឋានដែលត្រូវបង្កើតយន្តការ ហើយអ៊ីរ៉ង់បានច្រានចោល វិធានការនេះ ថាជាកំហុសឆ្គងផ្នែកយុទ្ធសាស្ត្រ។
តាមសេចក្តីរាយការណ៍ ប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ បាននិយាយថា ខ្លួននៅតែចង់ឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែជាមួយទីក្រុងតេអេរ៉ង់នៅបន្ត និងមិនបានចូលរួម ក្នុងយុទ្ធនាការដាក់សម្ពាធជា អតិបរិមាធ្វើឡើង ដោយអាមេរិកនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង