ព័ត៌មានអន្តរជាតិ

លោក ពូទីន ស្នើផ្តល់អំណាច ឲ្យរដ្ឋសភាជ្រើស នាយករដ្ឋមន្ត្រី រុស្ស៊ី

បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយនៅថ្ងៃពុធនេះថា លោកចង់ផ្តល់ អំណាចឲ្យរដ្ឋសភា ធ្វើការជ្រើសរើសនាយករដ្ឋមន្ត្រី របស់ប្រទេសរុស្ស៊ី រួមជាមួយនឹងទំនួលខុស ត្រូវដទៃផ្សេងៗទៀត ប៉ុន្តែលោកបន្ថែមថា លោកចង់រក្សាប្រព័ន្ធ ប្រធានាធិបតី ដ៏រឹងមាំរបស់ប្រទេសរុស្ស៊ី ឲ្យនៅដដែល។

ការថ្លែងបែបនេះរបស់លោក ប្រធានាធិបតីរុស្ស៊ីរូបនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែល ក្រុមអ្នកអង្កេតការណ៍
ធ្វើការឃ្លាំមើលពីរបៀបដែល លោកអាចនឹងធ្វើកំណែទម្រង់ ប្រព័ន្ធនយោបាយ នៅមុនឆ្នាំ២០២៤ ជាពេលដែលចប់អាណត្តិប្រធានាធិបតីបច្ចុប្បន្នរបស់លោក និងរដ្ឋធម្មនុញ្ញតម្រូវឲ្យលោក ចុះចេញពីតំណែង។

ក្រៅពីនេះ មេដឹកនាំកាន់អំណាច ដ៏យូររបស់ ប្រទេសរុស្ស៊ីរូបនេះ ក៏បានលើកស្នើឲ្យពង្រឹង តួនាទីរបស់ ក្រុមប្រឹក្សារដ្ឋ ជាអង្គភាពរដ្ឋាភិបាលមួយ ដែលលោកដឹកនាំ នាពេលបច្ចុប្បន្ន ប៉ុន្តែចំពោះរឿងនេះ ត្រូវបានមនុស្សជាច្រើនជឿថា អាចប្រើប្រាស់ជាឈ្នាន់មួយ សម្រាប់ការកាន់កាប់ អំណាចក្រៅផ្លូវការ ក្រោយឆ្នាំ២០២៤។

គួរបញ្ជាក់ថា នៅក្នុងពេល បច្ចុប្បន្ននេះ ប្រធានាធិបតីរុស្ស៊ីជាអ្នកណែនាំ ជ្រើសនាយករដ្ឋមន្ត្រី ដើម្បីឲ្យរដ្ឋសភាអនុម័តយល់ព្រម ហើយបន្ទាប់មកបង្កើតគណៈរដ្ឋមន្ត្រី៕ ប្រែសម្រួល៖ប៉ាង កុង

To Top