បរទេស៖ ភាពតានតឹងបានផ្ទុះឡើងជាថ្មី នៅមជ្ឈឹមបូព៌ាបន្ទាប់ពីរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៣ ខែមករាបានធ្វើឃាត មេបញ្ជាការកំពូលអ៊ីរ៉ង់លោក Qasem Soleimani នៅទីក្រុងបាកដាដ ដែលបានជំរុញឱ្យប្រទេសអ៊ីរ៉ង់ បាញ់មីស៊ីលឆ្ពោះទៅមូលដ្ឋានអ៊ីរ៉ាក់ចំនួន ២ ដែលមានកងទ័ពអាមេរិកឈរជើង នៅទីក្រុង Erbil និងជិតរដ្ឋធានីអ៊ីរ៉ាក់។ យ៉ាងណាក៏ដោយ ការវាយប្រហារនេះ ត្រូវមន្ទីរប៉ង់តាហ្គោនបានបដិសេធថា ពុំមានអ្នកណាម្នាក់រងគ្រោះថ្នាក់ទេ។ ប៉ុន្តែអ្នកនាំពាក្យមេបញ្ជាការ យោធាអាមេរិកប្រចាំនៅទីក្រុងបាកដាត បាននិយាយថា មានទាហានអាមេរិកចំនួន ១១ នាក់ត្រូវបានដឹកតាមយន្តហោះ ទៅកាន់ប្រទេសគុយវ៉ែតនិងអាល្លឺម៉ង់ ភ្លាមៗបន្ទាប់ពីការវាយប្រហារ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យមេបញ្ជាការយោធាអាមេរិក ប្រចាំនៅទីក្រុងបាកដាតលោកវរសេនីយ៍ឯក Myles Caggins បានរាយការណ៍ថា ទាហានអាមេរិកចំនួន ១១នាក់ ត្រូវបានដឹកតាមយន្តហោះ ទៅកាន់ប្រទេសគុយវ៉ែត និងអាល្លឺម៉ង់ ភ្លាមៗបន្ទាប់ពីការវាយប្រហារ ដើម្បីព្យាបាលរបួសក្បាល។
លោក Caggins ត្រូវបានសារព័ត៌មាន Defense One ស្រង់សម្តីថា ដោយមានការប្រុងប្រយ័ត្នច្រើន សមាជិកសេវាកម្មមួយចំនួនត្រូវបាន ដឹកចេញពីមូលដ្ឋាន ទ័ពអាកាសអាល់អាសាត ក្នុងប្រទេសអ៊ីរ៉ាក់ទៅកាន់ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ក្នុងតំបន់ Landstuhl ក្នុងប្រទេសអាឡឺម៉ង់ ហើយអ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅជំរំ Arifjan ប្រទេសកូវ៉ែតសម្រាប់ការតាមដាន នៅពេលដែលយល់ថា សម សម្រាប់កាតព្វកិច្ចសមាជិក សេវាកម្មត្រូវបានគេរំពឹងថា នឹងវិលត្រឡប់ទៅកាន់ប្រទេសអ៊ីរ៉ាក់វិញ បន្ទាប់ពីការត្រួតពិនិត្យ។ លោកថា សុខភាពនិងសុខុមាលភាព របស់បុគ្គលិករបស់យើងគឺជា អាទិភាពកំពូលហើយយើងនឹង មិនពិភាក្សាពីស្ថានភាពសុខភាព របស់បុគ្គលណាម្នាក់ឡើយ។
មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយថា ទាហាននៅមន្ទីរពេទ្យមួយចំនួន អាចរងនូវការប៉ះទង្គិចគ្នាក្នុងអំឡុង ពេលការវាយប្រហាររបស់អ៊ីរ៉ង់។
កាលពីថ្ងៃទី ៥ ខែមករាសភាអ៊ីរ៉ាក់ បានអនុម័តសេចក្តីសម្រេចចិត្តមួយ ដែលទាមទារឱ្យមានការដក កងទ័ពបរទេសចេញពីអ៊ីរ៉ាក់ ជាបន្ទាន់និងពេញលេញ ដើម្បីប្រឆាំងនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អាមេរិកដែលបានសម្លាប់ មេបញ្ជាការកំពូលអ៊ីរ៉ង់។
សមាជិកសភាអ៊ីរ៉ាក់ បានបោះឆ្នោតថា ការធ្វើឃាតនេះបានរំលោភលើ អធិបតេយ្យភាពរបស់ប្រទេស ហើយរដ្ឋាភិបាលនៃប្រទេសនេះ បានដាក់ពាក្យបណ្តឹងទៅ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ អ៊ីរ៉ង់ បានសងសឹកដោយវាយប្រហារ ទៅលើមូលដ្ឋានទ័ពចំនួន ២ ដែលផ្ទុកកងទ័ពអាមេរិក នៅអ៊ីរ៉ាក់ដោយប្រើមីស៊ីលផ្លោង ៕
ប្រែសម្រួលៈ ណៃ តុលា