ព័ត៌មានអន្តរជាតិ

មេបញ្ជាការអ៊ីរ៉ង់ គំរាមសងសឹកអាមេរិក កាន់តែខ្លាំង ប្រសិនបើមហាអំណាច មួយនេះនៅតែបន្តធ្វើខុស

បរទេស៖ បន្ទាប់ពីការសម្លាប់មេបញ្ជាការ កំពូលអ៊ីរ៉ង់លោក Qasem Soleimani និងសហការីរបស់ គាត់នៅទីក្រុងបាកដាដ ប្រទេស អ៊ីរ៉ាក់ ក្នុងការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក គឺភាពតានតឹងរវាងរដ្ឋាភិបាល ទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោនបានផ្ទុះឡើង។ អ្នកនាំពាក្យរបស់បញ្ជាការ កណ្ដាលអាមេរិក (CENTCOM) បានបញ្ជាក់ថា អ៊ីរ៉ង់បានឆ្លើយតបចំពោះការ ធ្វើឃាតនេះដោយវាយប្រហារទៅលើមូលដ្ឋាន អ៊ីរ៉ាក់និងផ្តល់កន្លែងស្នាក់នៅដល់ទាហានអាមេរិកដែលបណ្តាល ឲ្យ ជនជាតិអាមេរិកចំនួន ១១ នាក់រងរបួស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Mehr រាយការណ៍ថា នាយអគ្គសេនាធិការនៃកងកំលាំងប្រដាប់អាវុធអ៊ីរ៉ង់លោក Mohammad Bagheri បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបន្តអាកប្បកិរិយា របស់ខ្លួន។ យោងតាមសារព័ត៌មានរបស់អ៊ីរ៉ង់ មេបញ្ជាការរូបនេះបានបញ្ជាក់ពីការសងសឹករបស់ពួកគេ បន្ទាប់ពីការសម្លាប់លោក Qasem Soleimani ដែលដឹកនាំកម្លាំងពិសេស របស់កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាម (IRGC) បានបង្ហាញការប្តេជ្ញាចិត្តរបស់ទីក្រុងតេហេរ៉ង់ក្នុងសិទ្ធិការពារខ្លួន។

ប្រមុខយោធាអ៊ីរ៉ង់រូបនេះបានគំរាម អាមេរិកជាមួយនឹងការសងសឹកចំពោះការធ្វើខុសរបស់ខ្លួន ក្នុងពេលនិយាយទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar ។ ដូចដែលសារព័ត៌មានអ៊ីរ៉ង់រាយការណ៍ថា Bagheri បានបង្ហាញពីការសម្លាប់លោក Soleimani ថាជាការសម្លាប់មនុស្ស ដែលឃោរឃៅ អមនុស្សធម៌និងអសីលធម៌ ដែលផ្ទុយនឹងច្បាប់អន្តរជាតិទាំងអស់។

លោក Bagheri បានកត់សម្គាល់ថា ទោះបីសាធារណរដ្ឋឥស្លាម មិនចាប់អារម្មណ៍នឹងភាពតានតឹងកើនឡើងក៏ដោយ ក៏លោកបានព្រមានថារាល់សកម្មភាពដែលមិនសមហេតុផលនិងការឈ្លានពានរបស់ប្រទេសដទៃទៀតនឹងជំរុញឱ្យមានការឆ្លើយតបយ៉ាងតឹងរឹងពីទីក្រុងតេហេរ៉ង់។ លោកបានសម្តែងក្តីសង្ឃឹមថា“ ឬសគល់នៃភាពមិនប្រក្រតីនិងជម្លោះទាំងអស់នឹងត្រូវបានដកចេញនៅពេលដែលសហរដ្ឋអាមេរិកចាកចេញពីតំបន់” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top