ភ្នំពេញ៖ លោក ពុយ គា អ្នកឆ្លើយឆ្លងសារព័ត៌មាន ក្យូដូជប៉ុនបានលើកឡើងថា មេដឹកនាំអាស៊ានបានឯកភាពគ្នា នៅថ្ងៃសុក្រនេះ ថានឹងទៅជួបប្រធានាធិបតី ដូណាល់ ត្រាំ នៅ Las Vegas សហរដ្ឋអាមេរិក នៅពាក់កណ្តាលខែមិនាខាងមុខនេះ ទោះបីជាកន្លងមក បានសម្តែងការមិនពេញចិត្ត លោកត្រាំ ដែលអវត្តមាននៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកកកាលពីខែវិច្ឆិកាកន្លងទៅ។
លោក ពុយ គា អ្នកឆ្លើយឆ្លងសារព័ត៌មានក្យូដូជប៉ុន បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបន្ថែមថា យ៉ាងណាក៏ដោយ គេពុំទាន់ដឹងថាតើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir បុរសខ្លាំងមួយរូបនៅអាស៊ី នឹងទៅចូលរួមដែរឬទេ ព្រោះកន្លងមកក្នុងចំណោមមេដឹកនាំអាស៊ាន ទាំង១០រូប មានតែលោកមហាធាមួយគត់ ដែលបានសម្តែងការពុំពេញចិត្តលោកត្រាំ ហើយក៏បានថ្លែងថាលោកនឹងមិន ទៅជួបលោកត្រាំ នៅឯកិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាននិងអាមេរិកឡើយ។
លោក មហាធា មិនចូលចិត្តលោកត្រាំទេ ក៏ប៉ុន្តែលោកចូលចិត្តលោក George W. Bush មកពីគណបក្សសាធារណរដ្ឋតែមួយ។ កាលពីឆ្នាំ ២០០២លោកប្រធានាធិបតី Bush បានយល់ព្រមជួបជាមួយលោក Mahathirម្តងបន្ទាប់ពីប្រទេសម៉ាឡេស៊ីបានបង់លុយមួយចំនួនដល់ក្រុមហ៊ុនបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកដើម្បីឱ្យពួកគេរៀបចំឱ្យមានជំនួបជាមួយលោក Bush ។
កាលណោះកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍បាន សរសេរថាលោកមហាធៀបានជួលអ្នកបញ្ចុះបញ្ចូលនៅទីក្រុងវ៉ាស៊ីនតោនតាម រយៈមូលនិធិបេតិកភ័ណ្ឌមួយដើម្បីបញ្ចុះបញ្ចូលសេតវិមានឱ្យយល់ព្រមចំពោះដំណើរ ទស្សនកិច្ចនេះ។របាយការណ៍មួយបានអះអាងថា ការចំណាយសម្រាប់សកម្មភាពបញ្ចុះបញ្ចូលមានចំនួនប្រមាណ ១លានបីសែនដុល្លារអាមេរិកឯណោះ៕