ព័ត៌មានអន្តរជាតិ

នាវាចម្បាំង សហរដ្ឋអាមេរិក ធ្វើដំណើរកាត់ច្រកសមុទ្រ តៃវ៉ាន់ ក្រោយការបោះឆ្នោត ជ្រើសប្រធានាធិបតី

បរទេស ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បាននិយាយប្រាប់ថា នាវាចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង បានធ្វើដំណើរកាត់ តាមច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយពេលតិច ជាមួយសប្ដាហ៍ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន ឈ្នះឆ្នោតភ្លូកទឹកភ្លូកដីជាថ្មី ដោយឈរលើគោលជំហរ ប្រឆាំងប្រទេសចិន ដែលអះអាង កម្មសិទ្ធិលើកោះតៃវ៉ាន់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រនេះ ក្រសួងការពារជាតិតៃវ៉ាន់បានិយាយថា នាវាចម្បាំងអាមេរិកនោះ បានធ្វើដំណើរក្នុងទិសដៅទៅទិសខាងជើង កាត់តាមច្រកផ្លូវទឹកដ៏រសើប ហើយកងកម្លាំងតៃវ៉ាន់ បានឃ្លាំមើលយ៉ាងហ្មត់ចត់ នូវការធ្វើដំណើរ ដែលជាបេសកកម្មតាមប្រក្រតីធម្មតានោះ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ គឺជាបញ្ហាទឹកដីនិងការទូត ដ៏រសើបបំផុតមួយ របស់ប្រទេសចិន ហើយទីក្រុងបេកាំង មិនដែលបដិសេធថា នឹងមិនប្រើប្រាស់កម្លាំងទ័ព ក្នុងការនាំយកកោះនេះ ឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រង របស់ខ្លួននោះឡើយ ៕

ប្រែសម្រួល៖ប៉ាង កុង

To Top