បរទេស៖ ក្រុមអ្នកតាមដានដែនអាកាស នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក ទើបបានបញ្ជូនយន្តហោះ តាមដានវិទ្យុសកម្ម WC-135W មួយគ្រឿង ទៅកាន់មូលដ្ឋាន ទ័ពអាកាសមួយរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ហើយការបញ្ជូននេះ ត្រូវបានគេមើលឃើញថា ជាការបង្កើនការឃ្លាំមើល ប្រទេសកូរ៉េខាងជើង។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា នៅក្នុងសារបង្ហោះ លើបណ្ដាញសង្គម ធ្វីតធ័រមួយ ក្រុមតាមដានដែនអាកាស Aircraft Spots បាននិយាយថា យន្តហោះ WC-135W Constant Phoenix នោះ បានទៅដល់មូលដ្ឋានទ័ពអាកាស Kadena នៅលើកោះអូគីណាវ៉ា ប្រទេសជប៉ុនហើយ ប៉ុន្តែមិនបានប្រាប់លម្អិត ពីពេលវេលាទៅដល់នោះទេ។
គួរបញ្ជាក់ថា យន្តហោះតាមដាននុយក្លេអ៊ែ WC-135W ដែលមានឈ្មោះហៅក្រៅថា “យន្តហោះហិតរកនុយក្លេអ៊ែ” នេះ បានដើរតួនាទីដ៏សំខាន់ នៅក្នុងការតាមដាន រកការលិចធ្លាយវិទ្យុសកម្ម ក្រោយមានមហន្តរាយ នុយក្លេអ៊ែ Chernobyl នៅសហភាពសូវៀត កាលពីឆ្នាំ១៩៨៦៕ ប្រែសម្រួល៖ប៉ាង កុង

