ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី បដិសេធសំណើ សុំចុះចេញ ពីតំណែង របស់នាយករដ្ឋមន្ត្រី អ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ទី១៨ ខែមករា បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃនេះ បានប្រកាសទាត់ចោល ការស្នើសុំលាលែងចេញពីតំណែង ពីសំណាក់លោក នាយករដ្ឋមន្រ្តី គឺលោក Oleksiy Honcharuk ។

គួរឲ្យដឹងដែរថា កាលពីថ្ងៃសុក្រម្សិលមិញនេះ ព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយលោក Honcharuk បានដាក់ពាក្យស្នើសុំលាលែង ពីតំណែងបន្ទាប់ពីមានការលេចធ្លាយ សំលេងខ្សែអាត់របស់គាត់ ដែលត្រូវបាន គេរាយការណ៍ថា បានរិះគន់ការយល់ឃើញ របស់លោកប្រធានាធិបតី Zelensky ពាក់ព័ន្ធទៅនឹង បញ្ហាសេដ្ឋកិច្ច។

កាលពីល្ងាចថ្ងៃពុធ ខ្សែសម្លេង ដែលត្រូវបានគេថតមួយ ត្រូវបានគេដាក់បញ្ចូល និងចែកផ្សាយពាសពេញ ទៅក្នុងបណ្តាញសង្គម ដែលត្រូវបានគេស្គាល់ថា ជាសម្លេងរបស់លោក Honcharuk ហើយត្រូវបានគេដឹងថា ជាពាក្យសម្តី ដែលរិះគន់ខ្លាំង ពីបញ្ហាថវិកាជាតិ ជាមួយរដ្ឋមន្រ្តី រដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់ មួយចំនួនទៀត៕ ប្រែសម្រួល៖ស៊ុនលី

To Top