សាណាអា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ថា គ្រូពេទ្យមួយរូបប្រចាំការនៅមូលដ្ឋានបាន និយាយថា យ៉ាងហោចណាស់ទាហានចំនួន៤០នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ នៅក្នុងពេលមានការបាញ់ប្រហារមួយដោយគ្រាប់មីស៊ីលផ្លោង ដោយក្រុមឧទ្ធមាហួធី ដែលជាក្រុមសម្ព័ន្ធមិត្តជាមួយនឹងប្រទេសអ៊ីរ៉ង់ មកលើមូលដ្ឋានយោធាចម្រុះ ដែលដឹកនាំដោយអារ៉ាប៊ី សាអូឌីត ស្ថិតនៅខេត្ត Marib នៅភាគឦសាននៃប្រទេសយ៉េមែន ។
គ្រូពេទ្យបានប្រាប់ដល់ស៊ិនហួតាមទូរស័ព្ទ ដែលជាអ្នកសុំមិនប្រាប់អំពីអត្តសញ្ញាណ បានឲ្យដឹងថា “ចំនួននៃអ្នកស្លាប់បានកើនឡើងដល់៤០នាក់ ។ អ្នកស្លាប់ទាំងអស់ កឺជាទាហានរបស់រដ្ឋាភិបាលយ៉េមែន” ។ ដោយបានបន្ថែមថា ទាហានជាច្រើននាក់ទៀតបានរងរបួសធ្ងន់ធ្ងរ ។
ការបាញ់ប្រហារនេះបានកើតឡើង នៅគ្រាដែលក្រុមទាហាន បានប្រមូលផ្តុំគ្នា នៅក្នុងភូមិសាស្ត្រដ៏សំខាន់ នៃមូលដ្ឋានខាងលើ នៅពេលថ្ងៃរៀបអស្តង្គត ។
មិនទាន់មានការធ្វើអត្ថាធិប្បាយណាមួយភ្លាមៗពីសំណាក់ក្រុមហួធី នៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា