ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ជ្រើសរើសរដ្ឋមន្ត្រីការបរទេសថ្មី ឃោសនាពីការផ្លាស់ប្តូរ គោលនយោបាយ

បរទេស៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានជ្រើសរើសមនុស្សសំខាន់ម្នាក់ ដែលមានចំណងទាក់ទង ជាមួយប្រទេសកូរ៉េខាងត្បូង ឲ្យកាន់តំណែងរដ្ឋមន្ត្រីការបរទេសថ្មី ហាក់ជាការបង្ហាញ ឲ្យឃើញនូវការផ្លាស់ប្តូរ ក្នុងគោលនយោបាយ ចំពោះសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង ឈ្មោះ យុនហាប់ បានរាយការណ៍ថា យោងទៅតាមប្រភពមួយ ក្នុងប្រទេសកូរ៉េខាងជើង នាថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានជូនដំណឹង ដល់ឯកអគ្គរដ្ឋទូតបរទេសនានា ដែលប្រចាំនៅក្នុងទីក្រុងព្យុងយ៉ាង អំពីការតែងតាំងលោក Ri Son-gwon ឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មី។

គួរបញ្ជាក់ថា លោក Ri Son-gwon ប្រសិនបើត្រូវបានបញ្ជាក់ច្បាស់មែននោះ លោកនឹងចូលមកជំនួសតំណែង លោក រី យ៉ុងហូ ហើយនេះហាក់បង្ហាញច្បាស់ថា ប្រទេសកុម្មុយនិស្តឯកោមួយនេះ អាចនឹងធ្វើការកែប្រែ គោលនយោបាយរបស់ខ្លួន ចំពោះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល បើទោះជាការផ្លាស់ប្តូរ ដ៏ខ្លាំងក្លាណាមួយ គឺមិនទំនងជាកើតមាន នៅក្នុងពេលបច្ចុប្បន្នក៏ដោយ៕ ប្រែសម្រួល៖ប៉ាង កុង

To Top