បរទេស ៖ សប្តាហ៍នេះ កាសែត Bloomberg បានចេញផ្សាយថា សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបង្ហាញពីបំណង ចង់វិនិយោគ នៅលើកោះណាតានូ របស់ប្រទេសឥណ្ឌូណេស៊ី ខណៈប្រធានាធិបតី Widodo Joko ក៏បានបង្កើនកិច្ចប្រឹងប្រែង ដើម្បីបដិសេធនូវការទាមទារ របស់ចិនលើដែនទឹក ដែលសម្បូរធនធាន នៅលើសមុទ្រចិនខាងត្បូងដែរនោះ។
លោក Luhut Pandjaitan រដ្ឋមន្រ្តី សម្របសម្រួល កិច្ចការសមុទ្រ និងវិនិយោគសមុទ្រ បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅទីក្រុងហ្សាកាតា កាលពីថ្ងៃសុក្រថាប្រទេសទាំងនេះ ចាប់អារម្មណ៍ក្នុងការបង្កើត ឧស្សាហកម្មកែច្នៃ និងផលិតជលផលមួយចំនួន នៅលើកោះណាតានូណានេះ។ កន្លងមកមានកាលើកឡើងពីសំណាក់អតីតឧត្តមសេនីយ៍ឯកលោក Pandjaitan ដែលបាននិយាយថាឥណ្ឌូណេស៊ី គឺមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីដោះស្រាយជម្លោះសមុទ្រ ជាមួយចិនដោយមិនចាំ បាច់ធ្វើសង្គ្រាមនោះឡើយ។
គួរឲ្យដឹងដែរថា កិច្ចប្រឹងប្រែង របស់លោកប្រធានាធិបតី Widodo កន្លងមកគឺដើម្បីទាក់ទាញការវិនិយោគបរទេស ចូលទៅក្នុងកោះណាតានូ ដើម្បីអាចប្រឈមមុខជាមួយទីក្រុងប៉េកាំង បន្ទាប់ពីការលុកលុយនាវានេសាទចិន ចូលទៅក្នុងតំបន់ដែលទាមទារ ដោយឥណ្ឌូណេស៊ី ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ។
អ្វីដែលយើងបាន ដឹងពេលនេះផងដែរនោះ គឺជាប្រទេសឥណ្ឌូណេស៊ី មិនមែនជាអ្នកទាមទារ នៅក្នុងជម្លោះទូលំទូលាយ លើសមុទ្រចិនខាងត្បូង តែមួយនោះទេ ប៉ុន្តែប្រទេសនេះទទូចឱ្យមានសិទ្ធិអធិបតេយ្យភាព របស់ខ្លួនក្នុងដែនទឹកជុំវិញ តំបន់កោះណាតានូនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី