ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍អាមេរិក៖ កូរ៉េខាងជើងពង្រីក សមត្ថភាពអាវុធបានលឿន

បរទេស៖ មន្ត្រីសហរដ្ឋអាមេរិកនានា តាមសេចក្តីរាយការណ៍ កំពុងតែមានការតក់ស្លុត និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះសកម្មភាពយោធាថ្មីៗ របស់ប្រទេសកូរ៉េខាងជើង ដោយមាននាយឧត្តមសេនីយ៍ ជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា ទីក្រុងព្យុងយ៉ាង កំពុងតែពង្រីកសមត្ថភាពអាវុធរបស់ខ្លួន បានយ៉ាងលឿន។

នាយឧត្តមសេនីយ៍កងទ័ពអាកាស លោក John Hyten ជាអនុប្រធាន នៃអគ្គសេនាធិការចម្រុះរបស់អាមេរិក បានមានប្រសាសន៍នាពេលថ្មីៗនេះ នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ មានមូលដ្ឋាន នៅក្នុងទីក្រុងវ៉ាស៊ីនតោនថា ប្រទេសកូរ៉េខាងជើង កំពុងតែកសាងផលិតមីស៊ីលថ្មី សមត្ថភាពថ្មី អាវុធថ្មី លឿន ហាក់ដូចជាប្រទេសលើពិភពលោក ដែលមានអំណាចសេដ្ឋកិច្ចខ្លាំងក្លាបំផុត។ ចំណែកមន្ត្រីអាមេរិក មួយរូបផ្សេងទៀត បានបង្ហាញនូវការភ្ញាក់ផ្អើលថា កូរ៉េខាងជើង មិនបានបង្ហាញសមត្ថភាពយោធា នៅពេលបុណ្យណូអែល។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានសន្យានឹងទីក្រុងវ៉ាស៊ីនតោនថា នឹងជូនកាដូថ្ងៃបុណ្យណូអែល នៅដើមខែធ្នូ ធ្វើឲ្យអ្នកវិភាគយោធាជឿថា គឺជាការបាញ់មីស៊ីលផ្លោងឆ្លងទ្វីប ប៉ុន្តែទីក្រុងព្យុងយ៉ាង មិនបានធ្វើដូចដែលសន្យានោះទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top