ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ស្តីបន្ទោសគោល នយោបាយ ដាក់សម្ពាធជា អតិបរមា របស់អាមេរិក លើប្រទេស អ៊ីរ៉ង់

បរទេស៖ ភាពតានតឹង រវាងរដ្ឋាភិបាលទីក្រុង តេហេរ៉ង់ និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលកំពុងកើនឡើង ចាប់តាំងពីការដកខ្លួនរបស់លោក ដូណាល់ត្រាំ ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ បានឈានដល់ចំណុចកំពូល នៅខែមករានេះ បន្ទាប់ពីការសម្លាប់មេបញ្ជាការកំពូល របស់សាធារណរដ្ឋអ៊ីស្លាមលោក Qasem Soleimani ។ បន្ទាប់ពីការធ្វើឃាតនេះ ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសអ៊ឺរ៉ុបផ្សេងទៀត បានអំពាវនាវជាថ្មីម្តងទៀត ឱ្យចៀសវាងការបង្កើន ភាពតានតឹង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ Heiko Maas បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះគោលនយោបាយ នៃសម្ពាធអតិបរិមារបស់ខ្លួន ទៅលើប្រទេសអ៊ីរ៉ង់ ដោយព្រមានអំពីការផ្ទុះឡើង នៅក្នុងតំបន់និងបានអំពាវនាវ ឱ្យមានដំណោះស្រាយការទូត ជាមួយទីក្រុងតេហេរ៉ង់។ ក្នុងនាមជាប្រមុខការទូតអាល្លឺម៉ង់ លោក Heiko Maas បានប្រាប់កាសែត Bild am Sonntag ថា “ការគំរាមកំហែងនិងសកម្មភាពយោធា មិនបានផ្លាស់ប្តូរអ្វីទាំងអស់” នៅពេលនិយាយដល់ជំហរ របស់ថ្នាក់ដឹកនាំអ៊ីរ៉ង់។

លោកបាននិយាយថា “យើងមិនគួរធ្វើពុតថា ស្ថានភាពនឹងប្រសើរឡើងដោយស្វ័យប្រវត្តិ ជាមួយនឹងការផ្លាស់ប្តូររបបមួយ នៅក្នុងទីក្រុងតេហេរ៉ង់ ដោយកងកម្លាំងពីខាងក្រៅនោះទេ។ វិធីសាស្រ្តនេះបានបរាជ័យរួចហើយ ឧទាហរណ៍ មាននៅក្នុងប្រទេសអ៊ីរ៉ាក់” ។

ប្រមុខការទូតកំពូល អាល្លឺម៉ង់រូបនេះ ក៏បានកត់សម្គាល់ផងដែរថា ប្រសិនបើនរណាម្នាក់ចង់ ធ្វើឱ្យប្រសើរឡើង នូវស្ថានភាពសម្រាប់ប្រជាជន អ៊ីរ៉ង់នោះ គ្មានចំណុចណាមួយក្នុងការ បញ្ចប់ការសន្ទនានោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top