ព័ត៌មានអន្តរជាតិ

វៀតណាម៖ មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាប្រធានបទសំខាន់ រវាងទំនាក់ទំនងវៀតណាម និងចិន

ហាណូយ៖ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ គឺជាប្រធានបទដ៏សំខាន់ នៃទំនាក់ទំនងវៀតណាម – ចិនក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមកនេះ។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការបរទេសវៀតណាម លោក ផាម ប៊ិញមិញ នៅក្នុងអត្ថបទមួយ ដើម្បីរំលឹកខួបលើកទី ៧០ នៃចំណងការទូត រវាងវៀតណាម – ចិន។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ផាម ដែលជាប្រធានអនុគណៈកម្មាធិការ ទទួលបន្ទុកកិច្ចសហប្រតិបត្តិការ ទ្វេភាគីវៀតណាម – ចិន បាននិយាយថា ឆ្នាំ ២០២០ គឺជាពេលវេលាដ៏សំខាន់មួយ សម្រាប់ប្រទេសទាំងពីរ នៅពេលដែលប្រារព្ធខួបលើកទី ៧០ នៃចំណងការទូត និងបានក្រឡេកមើលទៅលើការ កសាងមិត្តភាពប្រទេសជិតខាង និងចិញ្ចឹមបីបាច់ដោយ អតីតប្រធានាធិបតីវៀតណាម ហូ ជីមិញ និង ម៉ៅសេទុង រួមជាមួយអ្នកបដិវត្តជំនាន់មុន។

យោងតាមឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ថ្ងៃទី ១៨ ខែមករា ឆ្នាំ ១៩៥០ គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងទំនាក់ទំនងវៀតណាម – ចិន។ មិនយូរប៉ុន្មាន ក្រោយពេលដែលបានបង្កើតនេះ, សាធារណរដ្ឋប្រជាមានិតចិន បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យ វៀតណាមណាម (សព្វថ្ងៃគឺសាធារណរដ្ឋសង្គមនិយមវៀតណាម) ។

ក្នុងរយៈពេល ៧០ ឆ្នាំ នៃការអភិវឌ្ឍ គណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ មានជំហរគាំទ្រ និងផ្តល់ការគាំទ្រនិងជំនួយដ៏មានតម្លៃគ្នាទៅវិញទៅមក ដែលរួមចំណែកដល់ជោគជ័យនៃបុព្វហេតុបដិវត្តរៀងៗខ្លួននៃការកសាងប្រទេសជាតិនិងការកសាងសង្គមនិយម៕

ប្រែសម្រួលៈ ណៃ តុលា

To Top