បរទេស៖ អភិបាលរដ្ឋហាវ៉ៃលោក David Ige បាននិយាយថា មន្រ្តីប៉ូលីសពីរនាក់បានស្លាប់ បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុង Honolulu ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា អភិបាលរដ្ឋលោក David Ige បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ រដ្ឋរបស់យើងទាំងមូលមានការសោកស្តាយចំពោះការបាត់បង់មន្ត្រីប៉ូលីសក្រុង Honolulu ចំនួន ២ នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការបំពេញកាតព្វកិច្ចនៅព្រឹកនេះ” ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា មុននេះសមាជិកក្រុមប្រឹក្សាក្រុង Honolulu បាននិយាយថា មន្រ្តីប៉ូលីសម្នាក់បានស្លាប់ រីឯម្នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ។
សមាជិកក្រុមប្រឹក្សាលោក Kymberly Marcos Pine ត្រូវបាន AP ស្រង់សម្តីថា“ យើងមានការសោកស្តាយ ជាមួយក្រុមប៉ូលីស HPD និងអ្នកផ្តល់ចម្លើយ ដំបូងផ្សេងទៀត ដែលដាក់ជីវិតរបស់ពួកគេ ដើម្បីការពារយើងឱ្យមានសុវត្ថិភាព” ។ របាយការណ៍ដំបូងបានលើកឡើងថា យ៉ាងហោចណាស់ មានប៉ូលីសពីរនាក់នៅកោះហាវ៉ៃ ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីឆ្លើយតបនឹង ការបាញ់ប្រហារ ដែលពួកគេត្រូវបានសំលាប់ ដោយជនសង្ស័យម្នាក់ ដែលបានឃុំខ្លួនឯង នៅក្នុងផ្ទះមួយ៕
ប្រែសម្រួលៈ ណៃ តុលា