ព័ត៌មានអន្តរជាតិ

ទាហានជិត១០០នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាស លើមូលដ្ឋានយោធានៅយេម៉ែន

បរទេស៖ ប្រេសិតពិសេស ប្រចាំនៅប្រទេសយេម៉ែន របស់អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹង នៅពេលថ្មីៗនេះថា យ៉ាងហោចណាស់មានទាហានចំនួន៨០នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ វាយប្រហារតាមអាកាស ទៅលើជំរំយោធាមួយ នៅក្នុងប្រទេសយេម៉ែន។

យោងតាមប្រភពព័ត៌មាន ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅរាត្រីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ចំណែកទាហាន ចំនួន១៣០នាក់ផ្សេងទៀត បានទទួលរងរបួស ក្នុងការវាយប្រហារ ដោយគ្រាប់មីស៊ីលនិងកូនដ្រូននោះ ក្នុងខណៈពួកគេ កំពុងតែចូលរួមសូត្រធម៌បួងសួង នៅវិហារក្នុងជំរំយោធា Al-Estiqbal ក្នុងទីក្រុង Marib។

ប្រេសិតពិសេស អង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសយេម៉ែន លោក Martin Griffiths បាននិយាយប្រាប់ដូច្នេះថា “ខ្ញុំបាននិយាយពីមុនហើយថា ការវិវត្តទៅមុខដែលប្រទេសយេម៉ែន បានបង្កើតឡើងដ៏លំបាក លើការបញ្ឈប់ភាពតានតឹង មិនឲ្យកើនឡើងនោះ គឺផុតស្រួយខ្លាំងណាស់ ហើយសកម្មភាពបែបនេះ អាចនឹងរំខានដល់ការវិវត្តទៅមុខនេះ។

ខ្ញុំសូមជំរុញឲ្យគ្រប់ភាគីទាំងអស់ ឈប់បង្កឲ្យមានភាពតានតឹង កើនឡើងនៅក្នុងពេលបច្ចុប្បន្ននេះ និងនាំយកថាមពលរបស់ខ្លួន ចេញឲ្យឆ្ងាយពីការប្រឈមមុខដោយយោធា ហើយងាកចូលទៅក្នុងនយោបាយ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top