ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុបត្រូវតែពិចារណា រកផ្លូវគាំទ្របទឈប់បាញ់គ្នា នៅលីប៊ី

បរទេស៖មន្ត្រីការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយនៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុប នឹងពិភាក្សារកគ្រប់វិធីទាំងអស់ ដើម្បីបន្តរក្សាបទឈប់បាញ់គ្នាផ្លូវការមួយ នៅក្នុងប្រទេសលីប៊ី ប៉ុន្តែដំណោះស្រាយសន្តិភាពណាមួយ នឹងត្រូវការជាចាំ បាច់នូវការគាំទ្រពិតប្រាកដ ពីសហភាពអឺរ៉ុប ដើម្បីរក្សាវា។

ដោយត្រូវគេសួរថា តើសហភាពអឺរ៉ុបអាចនឹងពិចារ ណាដល់បេសកកម្មរក្សាសន្តិភាព យោធាដែរឬទេនោះ លោក Josep Borrell បានមានប្រសាសន៍ យ៉ាងដូច្នេះថា “បទឈប់បាញ់គ្នា ត្រូវការឲ្យមានមនុស្សខ្លះធ្វើការថែរក្សាវា អ្នកអាចនិយាយបានថា នេះជាបទឈប់បាញ់គ្នា ហើយភ្លេចវា (ដូច្នេះ) ត្រូវការមនុស្សខ្លះតាមដានឃ្លាំមើលវា”។

គួរបញ្ជាក់ថា មហាអំណាចបរទេសនានា បានព្រមព្រៀងគ្នានៅជំនួបកំពូលមួយក្នុងទីក្រុងប៊ែកឡាំង កាលពីថ្ងៃអាទិត្យម្សិលមិញថា នឹងរក្សាបទឈប់បាញ់គ្នាដែលរង្គោះរង្គើ នៅក្នុងប្រទេសលីប៊ី ដែលបានធ្លាក់ចូលក្នុង ភាពចលាចល ចាប់តាំងពីការផ្តួលរំលំលោក មូអាម៉ា ហ្គាដាហ្វី ក្នុងឆ្នាំ២០១១៕

ប្រែសម្រួល៖ប៉ាង កុង

To Top