ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតៃវ៉ាន់​ ត្អូញត្អែប្រាប់សម្តេចប៉ាប ហ្វ្រង់ស័រ អំពីសម្ពាធពីចិន

បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន សរសេរសារលិខិតផ្ញើទៅសម្តេចប៉ាប ហ្វ្រង់ស័រ ត្អូញត្អែប្រាប់អំពីការដាក់សម្ពាធ របស់ចិនមកលើកោះតៃវ៉ាន់ ជាទឹកដីកោះដែល ទីក្រុងប៉េកាំងអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន ហើយលោកស្រីបានបន្តថា ប្រទេសចិនស្វះស្វែងធ្វើការគម្រាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ និងសេរីភាពរបស់កោះតៃវ៉ាន់ ។

នៅក្នុងសារលិខិតដែលចេញ ដោយការិយាល័យប្រធានាធិបតី លោកស្រី តៃ្ស អ៊ីងវិន បានសរសេរថា កោះតៃវ៉ាន់សង្ឃឹមថា នឹងមានដំណោះស្រាយសន្តិភាព អំពីភាពខ្វែងគំនិតគ្នាជាមួយប្រទេសចិន ហើយលិខិតនេះ គឺដើម្បីឆ្លើយតប ចំពោះសារមួយពីសម្តេច ប៉ាប ហ្វ្រង់ស័រ សម្រាប់ទិវាសនិ្តភាពពិភពលោក នាថ្ងៃទី១ ខែមករា។

គួរបញ្ជាក់ថា ប្រទេសចិន ដែលជឿជាក់ថា លោកស្រី ត្សៃ អ៊ីងវិន ចង់ឲ្យមានឯករាជ្យផ្លូវការ សម្រាប់កោះតៃវ៉ាន់នោះ បានបង្កើនសម្ពាធលើលោកស្រីប្រធានាធិបតី ដែលបានឈ្នះឆ្នោតជាថ្មី យ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងខែនេះ ដោយឈរលើគោលជំហរ ប្រឆាំងនឹងទីក្រុងប៉េកាំង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top