ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលកូរ៉េខាងត្បូង និងផ្តល់ការគាំទ្រ ដល់ជនផ្តាច់ខ្លួនកូរ៉េខាងជើង ដែលកំពុងប្រឈមមុខ នឹងស្ថានភាពលំបាក

បរទេស៖ក្រសួងបង្រួបបង្រួមរបស់ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តល់ជំនួយ បន្ថែមទៀត ដល់ជនផ្តាច់ខ្លួនកូរ៉េខាងជើងជាង ៥០០នាក់ ដែលកំពុងតែប្រឈមមុខនឹងស្ថានភាព រស់នៅដ៏លំបាក។

ក្រសួងកូរ៉េខាងត្បូងនេះ បាននិយាយថា ខ្លួនបានធ្វើការស្ទង់មតិ ចំនួនពីរដង លើស្ថានភាព រស់នៅរបស់ ជនផ្តាច់ខ្លួនកូរ៉េខាងជើង កាលពីឆ្នាំមិញ និងបានរកឃើញថា ជាសរុបពួកគេមានចំនួន ៥៥៣នាក់ ត្រូវការជំនួយគាំទ្រ បន្ថែម ដើម្បីសម្រាលភាពលំបាក ក្នុងការបំពេញ តម្រូវការចាំបាច់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត ផ្លូវការកូរ៉េខាងត្បូង យុនហាប់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា ជនផ្តាច់ខ្លួន កូរ៉េខាងជើង ជាធម្មតា បានទទួលការផ្គត់ផ្គង់ទីស្នាក់នៅ សម្រាប់រយៈពេល៥ឆ្នាំ គិតចាប់តាំងពីពួកគេមកដល់ កូរ៉េខាងត្បូង ដោយរួមបញ្ចូលទាំងការជួយពួកគេឲ្យទទួល បានផ្ទះសម្បែង ការងារនិងការ អប់រំ៕ប្រែសម្រួល៖ប៉ាង កុង

To Top