បរទេស៖ មន្ត្រីជាន់ខ្ពស់ សហរដ្ឋអាមេរិកមួយរូប បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសចិនបានបរាជ័យ ក្នុងការបញ្ជូនពលករកូរ៉េខាងជើង ឲ្យត្រឡប់ទៅស្រុកវិញ ទៅតាមកាលកំណត់ក្នុងខែធ្នូ ជាការបំពានទណ្ឌកម្ម អង្គការសហប្រជាជាតិ ហើយលោកបន្ថែមថា នេះគឺជាមូលហេតុ ដែលទីក្រុងវ៉ាស៊ីនតោន ដាក់អង្គភាពពីរដែលពាក់ព័ន្ធ ក្នុងការនាំចេញពលកម្មកូរ៉េខាងជើង នៅក្នុងបញ្ជីខ្មៅ។
សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប៉ាន់ស្មានថា ទីក្រុងព្យុងយ៉ាង កំពុងទទួលបានប្រាក់ជាង ៥០០លាយដុល្លារក្នុងមួយឆ្នាំ ពីពលករខ្លួនចំនួនជិត១០០.០០០នាក់ នៅបរទេស គឺមានចំនួនប្រមាណ៥០.០០០នាក់ នៅក្នុងប្រទេសចិន និង៣០.០០០នាក់ នៅក្នុងប្រទេសរុស្ស៊ី។
គួរបញ្ជាក់ថា សេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិឆ្នាំ២០១៧ ដែលប្រទេសចិន បានគាំទ្រដែរនោះ បានតម្រូវថា គ្រប់ប្រទេសទាំងអស់ ត្រូវបញ្ជូនពលករកូរ៉េខាងជើង ត្រឡប់ទៅស្រុកវិញ ឲ្យអស់នៅត្រឹមថ្ងៃទី២២ ខែធ្នូ ដើម្បីបញ្ឈប់ពួកគេ មិនឲ្យទទួលបានរូបិយវត្ថុបរទេស សម្រាប់កម្មវិធីនុយក្លេអ៊ែ និងមីស៊ីលផ្លោង របស់ប្រទេសកូរ៉េខាងជើង៕ ប្រែសម្រួល៖ប៉ាង កុង