បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Mike Pompeo កាលពីថ្ងៃពុធ បានជំរុញឱ្យបណ្តាប្រទេស នៅអាមេរិកឡាទីនប្រុងប្រយ័ត្ន អំពី “ប្រាក់បានមកដោយងាយស្រួល” ពីប្រទេសចិន ហើយបានស្នើឱ្យបណ្តាប្រទេសទាំងនោះ ជ្រើសរើសក្រុមហ៊ុនអាមេរិក និងលោកខាងលិច ជាដៃគូអាជីវកម្ម។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើងរបស់លោក Pompeo នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសJamaicaថា «វាជាការចង់ទទួលយកប្រាក់ ងាយស្រួលពីកន្លែងជាច្រើន ដូចជាប្រទេសចិន ប៉ុន្តែតើវាល្អទេ ប្រសិនបើវាសម្រាប់ចិញ្ចឹម អំពើពុករលួយ និងធ្វើឱ្យខូចដល់នីតិរដ្ឋរបស់អ្នក?” មានជំរើសល្អប្រសើរ … ក្រុមហ៊ុនលោកខាងលិច និងក្រុមហ៊ុនអាមេរិក ធ្វើប្រតិបតិ្តការ យោងទៅតាមគុណតម្លៃ ដែលបានបង្ហាញដើម្បីផលិត នូវកិច្ចព្រមព្រៀងល្អ និងការងារដែលមានគុណភាព»។
លោក Pompeo បានចង្អុលបង្ហាញថា ការធ្វើជំនួញជាមួយសហរដ្ឋអាមេរិក តម្រូវឱ្យមានកិច្ចសន្យា ប្រកបដោយតម្លាភាព ការគោរពនីតិរដ្ឋ ការអនុវត្តគណនេយ្យដោយត្រង់ និងបំណងប្រាថ្នាដ៏ស្មោះត្រង់ សម្រាប់ភាពជាដៃគូក្នុងភាពរុងរឿង៕ ប្រែសម្រួលៈ ណៃ តុលា