បរទេស៖ ស្របពេលមានភាព តានតឹងកើនឡើងខ្លាំង ក្នុងតំបន់មជ្ឈិមបូព៌ា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានមានប្រសាសន៍ នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអ៊ីរ៉ង់ស្វាគមន៍ ចំពោះកិច្ចពិភាក្សាគ្នា ជាមួយប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រ។
នៅក្នុងបណ្ដាញសង្គមធ្វីតធ័រ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសរសេរយ៉ាងដូច្នេះថា “ប្រទេសអ៊ីរ៉ង់នៅតែបើកចំហ ចំពោះកិច្ចពិភាក្សាគ្នាជាមួយប្រទេសជិតខាង ហើយយើងសូមប្រកាសនូវការត្រៀមលក្ខណៈ ជាស្រេចរបស់យើង ក្នុងការចូលរួមក្នុងការងារពេញលេញណាមួយ ដែលជាផលប្រយោជន៍ក្នុងតំបន់”។
ចំណែករដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Faisal bin Farhan បានមានបន្ទូលកាលពីថ្ងៃពុធថា ប្រទេសអារ៉ាប៊ីសាអូឌីត មានការបើកចំហ ចំពោះកិច្ចពិភាក្សាគ្នាជាមួយ ទីក្រុងតេអេរ៉ង់ ប៉ុន្តែវាអាស្រ័យលើ ប្រទេសអ៊ីរ៉ង់យ៉ាងពិតប្រាកដ៕
ប្រែសម្រួល៖ ប៉ាង កុង